ខឹងមិនឲ្យមានស្នេហានៅវ័យសិក្សា ចៅស្រី ២ នាក់ ចាក់សម្លាប់លោកយាយបង្កើតស្លាប់ នៅខណ្ឌច្បារអំពៅ
នគរបាលច្បារអំពៅទី ២ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាចៅស្រីបង្កើត ក្រោយធ្វើសកម្មភាពចាក់សម្លាប់លោកយាយខ្លួនឯង ព្រោះតែរឿងហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ ៣ អា តាមបណ្តោយផ្លូវលេខ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ទី គង់ ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ សេង ច័ន្ទបូណ៍មី ភេទស្រី អាយុ ១៩ ឆ្នាំ និង ឈ្មោះ សេង ហេងសានីកា ភេទស្រី អាយុ ១៨ ឆ្នាំ អ្នកទាំង ២ ស្នាក់នៅផ្ទះកើតហេតុ។
ប្រភពព័ត៍មានពីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន ភ្លាមៗ សមត្ថកិច្ចបានរាយការណ៍ជូនមន្រ្តីជំនាញចក្ខុកោសល្យវិច័យ ចុះទៅត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នង។ ពេលនោះ កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ដែលជាចៅស្រីបង្កើតស្នាក់នៅជាមួយគ្នាយកទៅសួរនាំនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ។
តាមចម្លើយសារភាពពីចៅស្រីទាំង ២ នាក់(ជនសង្ស័យ) បានរៀបរាប់ថា កាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ពួកគេបានយកកាំបិតចុងស្រួចចាក់ទៅលើលោកយាយបង្កើតពីក្រោយខ្នង ចំនួន ១ កាំបិត បណ្តាលឲ្យហូរឈាមស្លាប់តែម្តង។ មូលហេតុដោយសារពួកគេបានគុំកួនជាមួយលោកយាយជាយូរមកហើយ ព្រោះតែលោកយាយបានហាមឃាត់មិនឲ្យមានស្នេហានៅវ័យសិក្សា។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង ២ នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕
