សម្តេច ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ១៦ ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្នាំសិក្សា ២០២៦-២០២៧
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងកម្ពុជា ខណៈផ្តល់ការណែនាំ១៦ចំនុច ដើម្បីឱ្យដំណើរការសិក្សាក្នុងឆ្នាំសិក្សាថ្មីមានប្រសិទ្ធភាពខ្ពស់។
សម្តេច ហ៊ុន ម៉ាណែត បានណែនាំរួមមាន៖ ទី១- ក្រសួងអប់រំ ត្រូវបន្តពង្រីកការចុះឈ្មោះចូលរៀននៅគ្រប់កម្រិត និងការរក្សា សិស្សឱ្យបានរៀនសូត្រគង់វង្សរហូតដល់មធ្យមសិក្សា តាមរយៈការពង្រីកនិងសាងសង់សាលារៀនបន្ថែម និងកែលម្អបរិយាកាសសិក្សា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាអប់រំ ការបង្កើត ថ្នាក់រៀនបន្ថែម ការបំពាក់មន្ទីរពិសោធន៍ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ទី២- ក្រសួងត្រូវបន្តអនុវត្តកំណែទម្រង់សាលារៀនគ្រប់ជ្រុងជ្រោយ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យម សិក្សា តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបង្កើតប្រព័ន្ធអប់រំដែលស៊ីចង្វាក់គ្នាដូចជា ការអប់រំតាមរយៈការលេងសម្រាប់កុមារនៅមត្តេយ្យសិក្សា ការផ្តោតលើអំណាននិងគណិតវិទ្យា ថ្នាក់ដំបូង (EGRA, EGMA) និងការជួយសិស្សរៀនយឺត (PTOM)នៅបឋមសិក្សា ក៏ដូចជាការ លើកកម្ពស់វិធីសាស្ត្របង្រៀនថ្មី ដែលផ្តោតលើការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា(STEM) នៅ មធ្យមសិក្សា។
ទី៣- ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដល់កុមារ និងសិស្សានុសិស្សដែលបានវិលត្រឡប់ពីប្រទេសថៃ និងសិស្សានុសិស្សដែលកំពុងទទួលសេវា អប់រំនៅតាមជំរំសុវត្ថិភាព ដើម្បីជំរុញនិងសម្របសម្រួលឱ្យពួកគេបានចូលរៀន ឬបន្តការសិក្សា ឱ្យបានសមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។
ទី៤- ក្រសួងអប់រំ និងក្រសួងការងារ ត្រូវបន្តជំរុញការ អនុវត្ត «គន្លងអប់រំថ្មីនៅកម្ពុជា» ដែលរួមមាន : ១) ការផ្តល់ការប្រឹក្សានិងតម្រង់ទិសសិស្សចាប់ពី ថ្នាក់ទី៧ និង២) ការអនុវត្តគន្លងវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ និងការបែងចែកគន្លងវិទ្យាសាស្ត្រ និងគន្លងសង្គម នៅថ្នាក់ទី១១ ក្នុងគោលដៅផ្តល់នូវការសិក្សាដែលសមស្របនឹងសមត្ថភាព របស់សិស្ស និងការត្រៀមខ្លួនសម្រាប់អនាគត។
ទី៥- ក្រសួងត្រូវបន្តធ្វើទំនើបកម្មសៀវភៅសិក្សាចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា។ ទី៦- ក្រសួងត្រូវបន្តកែទម្រង់ការអប់រំគ្រូបង្រៀន និងពង្រឹងគុណភាពគ្រូបង្រៀន។ ទី៧- ក្រសួងត្រូវពង្រឹងការត្រួតពិនិត្យ និងពង្រឹងការទទួលខុសត្រូវរបស់សាលារៀន ដោយផ្តោតលើ ការធ្វើស្វ័យវាយតម្លៃសាលារៀន។ ទី៨- ក្រសួងត្រូវពង្រឹងការអនុវត្តរង្វាយតម្លៃការសិក្សារបស់សិស្សផ្តោតលើសមត្ថភាព និងពង្រឹង ការវាយតម្លៃតាមដំណាក់កាល (formative assessment)។ ទី៩- ក្រសួងត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ការអប់រំបរិយាបន្ន។ ទី១០- ក្រសួងត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល។ ទី១១- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវពង្រឹងតួនាទីនិងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។ ទី១២- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់អនាម័យ សុខភាព សុវត្ថិភាព និងបរិស្ថានសិក្សា។
ទី១៣- មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះ ឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងចូលរួមតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និង ឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍។ ទី១៤- សិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និង អភិវឌ្ឍខ្លួនជាប្រចាំ។ ទី១៥- គ្រប់ស្ថាប័នពាក់ព័ន្ធ សូមបន្តនិងបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។ ទី១៦- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព សូមបន្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំ ការប្រមូលកុមារចូលរៀន និងការរៀនសូត្រពេញមួយជីវិត៕

