គិតត្រឹមចុងខែមេសា ឆ្នាំ ២០២៦ គម្រោងសាងសង់ចំណតផែទឹកជ្រៅខេត្តព្រះសីហនុសម្រេចបាន ៦៧%
រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅខេត្តព្រះសីហនុសម្រេចបានប្រហែល ៦៧% នៃផែនការគ្រោងទុក។ នេះបើតាមរបាយការណ៍កិច្ចប្រជុំប្រចាំខែមេសាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលធ្វើឡើងក្រោមវត្តមានលោក លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស និងក្រុមហ៊ុនសាងសង់ TOA Corporation កាលពីថ្ងៃម្សិលមិញនេះ។
លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបើកកិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។
បើតាមន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ១ ដែលមានជម្រៅ ១៤,៥ ម៉ែត្រ សម្រេចបាន ៦៧% ខណៈតាមផែនការគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ លឿនជាងផែនការ។
រដ្ឋាភិបាលកម្ពុជាបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
ខណៈកំពង់ផែទឹកជ្រៅជំហានទីមួយគ្រោងបញ្ចប់តាមផែនការ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី២ ក៏គ្រោងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះ។
លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា «កំពង់ផែទឹកជ្រៅជំហានទី២ ដែលមានជម្រៅទឹក ១៩,៥ ម៉ែត្រ កំពុងដាក់ដេញថ្លៃ ខែ ៦ ឬខែ ៧ ចាប់ផ្ដើមសាងសង់ ហើយជំហានទី៣ កំពុងគូរប្លង់លម្អិតរួចហើយ រៀបចំឯកសារដាក់ដេញថ្លៃនៅចុងឆ្នាំនេះ»។
លោក លូ គឹមឈន់ បានបញ្ជាក់ថា នៅឆ្នាំ ២០២៩ នៅពេលកំពង់ផែទឹកជ្រៅជំហានទី ២ បញ្ចប់ការសាងសង់ កប៉ាល់នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិកពោលគឺកប៉ាល់ដែលបើកតាមសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា និងអាមេរិកអាចចូលចតបានដោយផ្ទាល់ ដែលនឹងកាត់បន្ថយថ្លៃដឹកជញ្ជូនបន្ថែមទៀត ធ្វើឱ្យមានការទាក់ទាញវិនិយោគិន និងជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
បច្ចុប្បកម្ពុជាមានកំពង់ផែកុងតឺន័រប្រវែងជាង ៦៥៣ ម៉ែត្រ បើបូកបន្ថែមការសាងសង់ទាំង ៣ ជំហាននេះទៀត នឹងឡើងដល់ជា ២ ពាន់ម៉ែត្រ ខណៈរាជរដ្ឋាភិបាលមានទិសដៅសាងសង់កំពង់ផែជាបន្តបន្ទាប់ឱ្យដើរស្របនឹងកំណើនសេដ្ឋកិច្ច។
ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗ មានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក៕
