ត្រាំ ប្រកាសថា ទោះសង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យ បក្សសាធារណរដ្ឋចាញ់ឆ្នោត ក៏លោកមិនថយក្រោយដែរ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ាន់ សុទ្ធតែទទួលស្គាល់ជាសាធារណៈថា សង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យគណបក្សសាធារណរដ្ឋ រងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែប្រមុខសេតវិមាន នឹងនៅតែបន្តប្រតិបត្តិការយោធានេះដដែល ដើម្បីសម្រេចគោលដៅឱ្យបាន។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

យោងតាម The New York Times កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, លោក ជេឌី វ៉ាន់ បានបង្ហោះសារលើបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា៖ «មូលហេតុដែលយើងចាញ់ គឺដោយសារតែសង្គ្រាម» ហើយនៅពេល អ្នកសារព័ត៌មានសួរនាំ អំពីការលើកឡើងនេះ លោក ត្រាំ ក៏យល់ស្របដែរ និងទទួលស្គាល់ថា វាជាការពិត ព្រោះសង្គ្រាមបានធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងក្នុងរយៈពេលខ្លី មែន។

យ៉ាងណា បើតាមការផ្សាយរបស់ The Wall Street Journal ប្រធានាធិបតីអាមេរិក នៅតែប្រកាន់ជំហរថា លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីការបើកការវាយប្រហារ ដើម្បីរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ដោយលោកអះអាងថា លោកបានធ្វើរឿងដែលត្រឹមត្រូវ ហើយនឹងធ្វើវាជាថ្មី មិនថយក្រោយឡើយ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

សម្តីរបស់លោកត្រាំ ហាក់ដូចជាចង់ស្តីបន្ទោស ដល់អ្នកបោះឆ្នោត ព្រោះថា លោកបានលើកឡើងដដែលៗជុំវិញបរាជ័យយ៉ាងចាស់ដៃ របស់បក្ស ក្នុងការបោះឆ្នោតនេះ។ ជាក់ស្តែង មុននេះមួយថ្ងៃ លោកអះអាងថា អ្នកបោះឆ្នោត យល់​ស្របនឹងគោល​នយោបាយរបស់​លោក​ ចំពោះ ​អ៊ីរ៉ង់ ប៉ុន្តែ​ប្រហែលជា​​មិនព្រម​​ទទួល​​យក​ផលវិបាករយៈពេល​ខ្លី គឺការចំណាយ​ប្រាក់កាន់​តែច្រើនលើ​ប្រេងឥន្ធនៈនោះ​ទេ។

ក្នុង​បទសម្ភាសន៍​តាមទូរស័ព្ទជា​មួយ​បណ្តាញព័ត៌មាន Fox News ​លោក ត្រាំ និយាយ​ថា៖ «ប្រជាពលរដ្ឋ​យល់ស្រប ​នឹងអ្វីដែល​ខ្ញុំ​​កំពុង​ធ្វើ ចំពោះ​ប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេ​ប្រហែលជាមិនព្រមទទួលយកផល​វិបាករយៈពេល​ខ្លី គឺការចំណាយប្រាក់កាន់​តែច្រើនលើប្រេងឥន្ធនៈ​នោះទេ។ ខ្ញុំចង់ប្រាប់​អ្នករាល់​គ្នាថា នេះ​គឺជាបញ្ហាក្នុងរយៈ​ពេលខ្លី ប៉ុន្តែ​​​មាន​​ផលប្រយោជន៍រយៈពេល​វែង»។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ផ្អែកតាមទិន្នន័យចុងក្រោយ ផ្សាយដោយ BBC News និង CNBC, លទ្ធផលឆ្នោតសម្រាប់ព្រឹទ្ធសភា៖  គណបក្សប្រជាធិបតេយ្យ ទទួលបាន ៥៤ អាសនៈ (កើនឡើង ៧ អាសនៈ) ខណៈគណបក្សសាធារណរដ្ឋ ទទួលបាន ៤៤ អាសនៈ (ថយចុះ ៧ អាសនៈ)។

ចំណែកសភាតំណាងរាស្ត្រ៖ គណបក្សប្រជាធិបតេយ្យ ទទួលបាន ២៣៧ អាសនៈ (កើនឡើង ២៩ អាសនៈ លើស ២១៨ អាសនៈដែលត្រូវការដើម្បីគ្រប់គ្រងសភា) ខណៈគណបក្សសាធារណរដ្ឋ ទទួលបាន ១៣៩ អាសនៈ (ថយចុះ ២៩ អាសនៈ)។

កងទ័ពអាមេរិក (រូប៖ Reuters)

លទ្ធផលនេះ បញ្ជាក់ថា ប្រជាជនអាមេរិក ពិតជាមិនពេញចិត្តចំពោះសង្គ្រាមអ៊ីរ៉ង់នោះទេ ហើយក៏បង្ហាញពីការបែកបាក់នយោបាយ ដ៏ជ្រាលជ្រៅនៅអាមេរិក ផងដែរ។

យោង​តាម​ទិន្នន័យ​ពីមន្ទីរបញ្ច​កោណ ​ដែលទទួលបាន​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters, គិតត្រឹម​ថ្ងៃ​ទី​២៨ ខែ​តុលា ទីក្រុងវ៉ាស៊ីនតោន ​បាន​ចំណាយ​ប្រាក់ជាង ៤៧​ពាន់លានដុល្លារ ​លើ​សង្គ្រាមនៅអ៊ីរ៉ង់​​រួចហើយ ​​ពោល​គឺ​​ខ្ពស់ជាងការ​ប៉ាន់ប្រមាណ​​របស់ក្រសួងសង្គ្រាម​​ កាលពីខែ​កក្កដា ដល់ទៅ​ជាង ២៥% ឯណោះ។

ផលប៉ះពាល់នៃសង្គ្រាម លើតម្លៃថាមពលសកល បានធ្វើឱ្យការគាំទ្រចំពោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋធ្លាក់ចុះ ហើយក៏ធ្វើឱ្យអត្រាគាំទ្រចំពោះលោក ត្រាំ ធ្លាក់ចុះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង