សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
តាមមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។
ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម៕
