ករណីចាប់ជំរិតក្មេងបណ្តាលឱ្យជនរងគ្រោះស្លាប់! ជនល្មើសត្រូវជាពូសាច់ថ្លៃ
ជនល្មើស ក្នុងករណីចាប់ជំរិតក្មេងបណ្តាលឱ្យជនរងគ្រោះស្លាប់ នៅឃុំព្រែកអំបិល ស្រុកកោះធំ ត្រូវជាពូសាច់ថ្លៃ របស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
តាមប្រភពដដែល ជនសង្ស័យ មានវ័យ៣៥ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់នៅម៉ោងប្រមាណ ៨ និង៣០នាទី យប់ថ្ងៃទី១០ ខែឧសភា នៅផ្ទះរបស់ជនល្មើលតែម្តង ដែលស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំពិល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព តែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ដូច្នេះ មុននឹងបញ្ជាក់មូលហេតុនៃការចាប់ជំរិត ដូច្នេះ៖« ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិ នបាន។»។
យ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបញ្ជាក់មូលហេតុដែលបណ្ដាល ឱ្យក្មេងស្រីរងគ្រោះស្លាប់នោះទេ។
សូមជម្រាបថា ក្មេងស្រីរងគ្រោះ អាយ៥ឆ្នាំ ត្រូវបានជនសង្ស័យចាប់ខ្លួន និងបានផ្ញើសារ ជំរិតទារប្រាក់ ១ម៉ឺនដុល្លារ ពីឪពុកម្ដាយរបស់ជនរងគ្រោះ នៅម៉ោងប្រមាណ ១១ និង៤០នាទីព្រឹកថ្ងៃទី ទី១០ឧសភា។
ជនសង្ស័យ បានទុកពេល១ម៉ោងប៉ុណ្ណោះ ឱ្យឪពុកម្ដាយជនរងគ្រោះរកប្រាក់គ្រប់ចំនួន ឱ្យខ្លួន និងគំរាម ទៅឪពុកម្ដាយជនរងគ្រោះ មិនឱ្យប្ដឹងប៉ូលិស និងអ្នកជិតខាងនោះទេ។ នៅក្នុងសារគំរាមទារប្រាក់នោះដែរ ជនសង្ស័យសង្កត់ធ្ងន់ថា ក្នុងករណីយឺតយ៉ាវមិនផ្ញើលុយឱ្យទេនោះ នឹងទទួលបានត្រឹមសពក្មេងប៉ុណ្ណោះ។
ចំពោះក្មេងស្រីជនរងគ្រោះ មានវ័យ៥ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ ឪពុកម្តាយជនរងគ្រោះ តែងនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលនៅទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ។ ដូច្នេះទើបជនសង្ស័យ មានឱកាសធ្វើសកម្មភាពចាប់ជំរិត ជនរងគ្រោះតែម្តង៕