ខ្មែរទទួលបានវត្ថុបុរាណ ២ទៀត ពីសារមន្ទីរអាមេរិក ក្រោយការជួញដូរដោយខុសច្បាប់
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត ពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន។
វត្ថុបុរាណទាំងពីរនេះរួមមាន៖
*(១)៖ ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស.
*និង (២)៖ បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ ប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន បានប្រគល់វត្ថុបុរាណខ្មែរចំនួន ១៤រូប ជូនមក កម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។
អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន បានផ្តល់ភស្តុតាងទៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។ បន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាង សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បានយល់ព្រមប្រគល់វត្ថុ បុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន។
ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ អ្នកស្រី Nancy Wiener ត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការ រដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវបានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក ផងដែរ៕

