នៅហាណូយ ភ្លៀងធ្លាក់រឹតខ្លាំង បង្កជាទឹកជំនន់ ដល់ថ្នាក់បិទសាលារៀន
ភ្លៀងធ្លាក់ខ្លាំងយ៉ាងជញ្ជ្រំ បានបន្តវាយប្រហារទីក្រុងហាណូយ នៃប្រទេសវៀតណាម បង្កជាទឹកជំនន់នៅតំបន់ជាច្រើន ដល់ថ្នាក់សាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ ឱ្យសិស្សរៀនតាមអនឡាញសិន ខណៈបុគ្គលិកក្រុមហ៊ុនខ្លះ ក៏ត្រូវធ្វើការពីផ្ទះផងដែរ។

តាមការផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, កម្រិតភ្លៀងធ្លាក់នៅហាណូយ កាលពីរាត្រីថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ បានឈានដល់ ១៥០មិល្លីម៉ែត្រ ធ្វើឱ្យជនលិចផ្លូវ Phung Khoang ក្នុងសង្កាត់ Ha Dong និងផ្លូវ My Dinh ក្នុងសង្កាត់ Tu Liem ពីជម្រៅ ៣០-៤០សង់ទីម៉ែត្រ។
ចំណែកសង្កាត់ Thanh Xuan ក៏រងគ្រោះធ្ងន់ធ្ងរដែរ ដោយផ្លូវ Luong The Vinh បានជន់លិចជម្រៅកន្លះម៉ែត្រ បណ្តាលឱ្យយានយន្តត្រូវជាប់គាំងក្នុងទឹក កាត់ផ្តាច់ចរាចរណ៍ទាំងស្រុង។

យ៉ាងណា អ្វីៗនឹងមិនទាន់ធូរស្រាលឡើយ ខណៈនាយកដ្ឋានឧតុនិយម ព្យាករណ៍ថា ភ្លៀងនឹងបន្តបង្អុរមកខ្លាំង រហូតដល់ចុងសប្តាហ៍ឯណោះ ដោយសារប្រព័ន្ធសម្ពាធទាប។
សូមជម្រាបថា គ្រោះធម្មជាតិ មិនមែនវាយប្រហារតែទីក្រុង ហាណូយ ទេ ពោលគឺខេត្តមួយចំនួន ក៏កំពុងរងគ្រោះដែរ ពិសេសខេត្ត Nghe An។

កាលពីថ្ងៃពុធ ភ្លៀងធ្លាក់ដូចហែកមេឃ បានបង្កជាទឹកជំនន់រហ័ស ជន់លិចភូមិឋាននានា ព្រមទាំងកាត់ផ្តាច់តំបន់មួយចំនួន និងផ្លូវស្ពានផងដែរ បង្ខំឱ្យក្រុមជួយសង្គ្រោះ ត្រូវប្រញាប់ប្រញាល់ចេញធ្វើប្រតិបត្តិការ ដើម្បីរំដោះពលរដ្ឋ ដែលជាប់គាំងក្នុងផ្ទះ។
ឃុំ Tam Thai ក្នុងស្រុក Tuong Duong ជាកន្លែងរងគ្រោះខ្លាំងជាងគេ ពោលគឺពលរដ្ឋជាង ៣ ០០០នាក់ មកពី ៦៣១គ្រួសារ បានរងផលប៉ះពាល់ ខណៈផ្លូវថ្នល់ត្រូវទឹកជន់លិច ជម្រៅជិតកន្លះម៉ែត្រឯណោះ ដែលកាត់ផ្តាច់ការធ្វើចរាចរណ៍ទាំងស្រុង៕

