គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា បង្រ្កាបទីតាំងសង្ស័យ លួចលាក់ប្រព្រឹត្តបទល្មើសOnline Scams
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា បានបើកការស្រាវជ្រាវរហូត ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល នៅស្រុកចន្ទ្រា ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិបរទេសចំនួន១០នាក់។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងខេត្តស្វាយរៀង។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត



ចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១០នាក់ ស្រី ០២នាក់ ជាជនជាតិវៀតណាម។ ក្នុងនោះដកហូតបានសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបានបិទបណ្ដោះអាសន្ន(Seal Off)៕



