អ្នកនាំពាក្យ៖ កិច្ចសហការរវាងមន្ត្រីព័ត៌មាន និងមន្ទីរជំនាញ គឺជាកត្តាសំខាន់ក្នុងការឆ្លើយតបនឹងសាធារណមតិប្រកបដោយប្រសិទ្ធភាព
(កែប)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីព័ត៌មាន និងមន្ទីរជំនាញនានា រួមទាំងអាជ្ញាធរក្នុងខេត្ត គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងសាធារណមតិបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត ផងដែរ។
ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងជាពិសេសមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិ ឱ្យស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្ត ដើម្បីសម្របសម្រួលជាមូយមន្ត្រីជំនាញជុំវិញខេត្ត ក្នុងការផ្តល់ព័ត៌មាន និងសមិទ្ធផលនានារបស់មន្ទីរជំនាញ សម្រាប់ផ្សព្វផ្សាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ បានជំរុញឱ្យមន្ត្រីព័ត៌មានខេត្តកែប ខិតខំផលិតមាតិកាព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែសម្បូរបែប ដើម្បីឆ្លុះបញ្ចាំងពីសក្តានុពល និងសមិទ្ធផលរបស់ខេត្ត ក្នុងនោះរួមមាន៖ វិស័យទេសចរណ៍ កសិកម្ម វប្បធម៌ បរិស្ថាន សុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ការធ្វើបែបនេះនឹងជួយលើកកម្ពស់មុខមាត់ខេត្តកែបឱ្យកាន់តែល្បីល្បាញ។ ដោយសារខេត្តកែបមានធនធានធម្មជាតិ និងផលិតផលក្នុងស្រុកដ៏មានសក្តានុពល មន្ត្រីពាក់ព័ន្ធត្រូវបង្កើនការផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។
ក្នុងឱកាសនោះដែរ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត បានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការផលិតព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានទំនួលខុសត្រូវខ្ពស់។ ការនេះគឺដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិ ឱ្យស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារយ៉ាងច្បាស់លាស់។
លោកប្តេជ្ញានឹងដឹកនាំមន្ត្រីក្រោមឱវាទឱ្យសម្រេចបានជោគជ័យតាមផែនការ ដើម្បីបម្រើមហាជន និងបំពេញតួនាទីជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕
