អាមេរិក បន្ត «ប្រុងប្រយ័ត្នខ្ពស់» ក្រោយ អ៊ីរ៉ង់ ប្រកាសបិទច្រក Hormuz ភ្លាមៗ
កងទ័ពសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ថា ខ្លួននៅតែបន្តមានវត្តមាន និងប្រុងប្រយ័ត្នខ្ពស់ នៅក្នុងច្រកសមុទ្រ Hormuz ភ្លាមៗ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានប្រកាសបិទផ្លូវនាវាចរណ៍ដ៏សំខាន់មួយនេះ។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន timesofisrael។

បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងអាមេរិកនៅតែបន្តមានវត្តមាន និងប្រុងប្រយ័ត្ន ដើម្បីធានាថាគ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ត្រូវបានគោរព អនុវត្តតាម និងមានប្រសិទ្ធភាពពេញលេញ»។
ស្ថាប័ន CENTCOM ដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា បានឲ្យដឹងថា នាវាពាណិជ្ជកម្មចំនួន ៥៥ គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃសៅរ៍ ហើយ ការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ផ្លូវទឹកអន្តរជាតិមួយនេះ នៅតែរក្សាបានធម្មតានៅថ្ងៃនេះ។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយនៅម៉ោងប្រហែល ១០:៣០ ព្រឹក (ម៉ោង ១៤:៣០ ម៉ោងសកល GMT)។
មុននោះបន្តិច អ៊ីរ៉ង់បានប្រកាសថា ខ្លួនកំពុងបិទច្រកសមុទ្រនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយចាត់ទុកថាទង្វើនេះជាការរំលោភលើកិច្ចព្រមព្រៀងដ៏ផុយស្រួយរបស់ខ្លួនជាមួយអាមេរិក។ ភាពតានតឹងជាថ្មីនេះបានកើតឡើង ចំពេលដែលក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ ត្រូវបានរំពឹងថានឹងជួបគ្នានៅប្រទេសស្វីស ដើម្បីបន្តការពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងខាងលើ។
ដោយឡែក អនុប្រធានាធិបតី លោក JD Vance បានប្រាប់ទូរទស្សន៍ Fox News មុនការប្រកាសរបស់អ៊ីរ៉ង់ថា លោករំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសស្វីសក្នុងរយៈពេលពីរពីរថ្ងៃខាងមុខ ដើម្បីចូលរួមក្នុងការចរចា។
គួរបញ្ជាក់ថា កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បានប្រកាសបិទច្រកសមុទ្រ Hormuz កាលពីព្រឹកថ្ងៃសៅរ៍ និងបានព្រមាននាវាទាំងឡាយកុំឲ្យចូលទៅជិតផ្លូវទឹកមួយនេះ ដែលទង្វើនេះបានបង្កើតឲ្យមានមន្ទិលសង្ស័យជាថ្មី អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ដែលមានបំណងបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពស៊ីជម្រៅ៕