អូស្រ្តាលី នឹងលក់ប្រព័ន្ធរ៉ាដាទំនើបឲ្យកាណាដា លើកដំបូង ក្នុងតម្លៃ ១.៧៥ប៊ីលាន
ខណៈស្ថានភាពពិភពលោកនៅតែមានភាពតានតឹងមិនលុះថ្ងៃ រដ្ឋាភិបាលប្រទេសអូស្ត្រាលីលើកឡើងនៅថ្ងៃចន្ទ នេះ ថា ខ្លួននឹងលក់ប្រព័ន្ធបច្ចេកវិទ្យារ៉ាដាទំនើប ដែលមានសមត្ថភាពរុករកឃើញមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យកាណាដា ក្រោមកិច្ចព្រមព្រៀងតម្លៃ ១.៧៥ប៊ីលានដុល្លារ លើការនាំចេញក្នុងវិស័យការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន។
ភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កិច្ចព្រមព្រៀងនេះគឺជាការលក់រ៉ាដាទៅក្រៅប្រទេសលើកដំបូងរបស់អូស្ត្រាលី លើបច្ចេកវិទ្យារ៉ាដា Over-the-Horizon ហើយនឹងគាំទ្រដល់ការឃ្លាំមើលរបស់កាណាដា នៅតំបន់អាកទិក។

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « កិច្ចព្រមព្រៀងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជួញដូរលើវិស័យការពារជាតិអូស្ត្រាលី ដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការឧស្សាហកម្មការពារជាតិកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយកាណាដា»។
គួរបញ្ជាក់ថា តំបន់អាកទិករបស់ប្រទេសកាណាដាតំណាងឱ្យជិត៤០% នៃផ្ទៃដីសរុបរបស់ខ្លួន ទោះបីជាមានប្រជាជនរស់នៅតិចនិងមានហេដ្ឋារចនាសម្ព័ន្ធតិចតួចក៏ដោយ។
តំបន់អាកទិកភាគច្រើនក៏ជារបស់រុស្ស៊ី ហើយមានប្រហែលមួយភាគប្រាំនៃផ្ទៃដី ប្រឈមមុខជាមួយនឹងកាណាដានិងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។
លោក Stephen Fuhr រដ្ឋលេខាធិការទទួលបន្ទុកការផ្គត់ផ្គង់លើវិស័យការពារជាតិរបស់កាណាដា មានប្រសាសន៍ថា៖ « កាណាដា កំពុងពង្រឹងសន្តិសុខអាកទិកតាមរយៈគម្រោងរ៉ាដាអាកទិកលើលំហអាកាស។ គម្រោងនេះ[ទិញប្រព័ន្ធរ៉ាដាពីអូស្រ្តាលី] គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីកសាងបណ្តាញឃ្លាំមើល និងទំនាក់ទំនងអាកទិករួមបញ្ចូលគ្នា ហើយនឹងពង្រឹងសមត្ថភាពរបស់កាណាដាក្នុងការត្រួតពិនិត្យ ការយល់ដឹង និងឆ្លើយតបទៅនឹងសកម្មភាពក្នុងតំបន់អាកទិក»។
មិនតែប៉ុណ្ណោះ បណ្តាញរ៉ាដាប្រតិបត្តិការ Jindalee របស់អូស្ត្រាលីអាចរកឃើញ តាមដានសកម្មភាពយន្តហោះ កប៉ាល់ និងមីស៊ីលចម្ងាយរហូតដល់ ៣ ០០០គីឡូម៉ែត្រ។
ភាគីអូស្ត្រាលី ថា កិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យាជាមួយកាណាដានឹងបង្កើតការងារប្រហែល ៣០០កន្លែង ក្នុងប្រទេសអូស្ត្រាលី ហើយក៏ជាដំណាក់កាលដំបូងនៃកិច្ចសហការរវាងប្រទេសទាំងពីរលើប្រព័ន្ធរ៉ាដាផងដែរ៕
