អាមេរិក លេងមែនទែន ដោយគំរាមកាត់ផ្តាច់ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់អ៊ីរ៉ង់ចាប់ពីថ្ងៃពុធនេះ
មិនត្រឹមតែការបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់រាប់សិបពាន់លានដុល្លារប៉ុណ្ណោះទេ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent នៅថ្ងៃចន្ទ បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍របស់អ៊ីរ៉ង់ អាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុងពីការភ្ជាប់ទំនាក់ទំនងជាអន្តរជាតិ ចាប់ពីថ្ងៃពុធតទៅ ខណៈទីក្រុងវ៉ាស៊ីនតោន បានគំរាមដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនបរទេសទំាងឡាយណា ដែលនៅតែបន្តផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់។
លោក Bessent ប្រាប់បណ្តាញព័ត៌មាន CNBC កាលពីថ្ងៃចន្ទថា៖ « នៅថ្ងៃទី២៣ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់នឹងត្រូវបញ្ឈប់ប្រតិបត្តិការ នៅជុំវិញពិភពលោក»។

ការព្រមាននេះមិនត្រឹមតែសំដៅទៅលើក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើអាកាសយានដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រុមហ៊ុនលក់សំបុត្រ និងអាជីវកម្មផ្សេងទៀតដែលក្រុមហ៊ុនអាកាសចរណ៍ទាំងនោះពឹងផ្អែក ដើម្បីប្រតិបត្តិការនៅបរទេសផងដែរ។
លោក Bessent ថា៖ « ប្រសិនបើពួកគេចុះចត អ្នក[អាកាសយានដ្ឋានបរទេស] មិនអាចផ្គត់ផ្គង់ប្រេងឥន្ធនៈ ឬផ្តល់សេវាកម្មចុះចតដល់ពួកគេបានឡើយ ហើយក៏មិនអាចលក់សំបុត្រឱ្យពួកគេបានដែរ បើមិនដូច្នេះទេ អ្នកនឹងត្រូវដកចេញពីប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់ដុល្លារ»។
ការគំរាមកំហែងនេះគឺជាជំហានចុងក្រោយបំផុតក្នុងយុទ្ធនាការសេដ្ឋកិច្ចដ៏តានតឹងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ កំពុងបន្តទន្ទឹមគ្នានឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
កាលពីដើមខែនេះ ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់នៅសេសសល់ ដែលមិនទាន់ត្រូវបានដាក់ទណ្ឌកម្មពីមុនមក ព្រមទាំងក្រុមហ៊ុននានានៅក្រៅប្រទេសអ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ថា បានគាំទ្រវិស័យអាកាសចរណ៍របស់ប្រទេសនេះ។
គួរបញ្ជាក់ថា វិស័យអាកាសចរណ៍អ៊ីរ៉ង់ត្រូវបានរឹតត្បិតយ៉ាងខ្លាំងរួចទៅហើយ ដោយសារតែការដាក់ទណ្ឌកម្មពីអាមេរិកអស់រយៈពេលច្រើនឆ្នាំមកនេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជួបការលំបាកក្នុងការទិញយន្តហោះថ្មី និងការស្វែងរកគ្រឿងបន្លាស់ ឬសេវាកម្មថែទាំនានាជាដើម៕

