ថៃ ដាក់ទ័ពបន្ថែម និងបញ្ជូនសព្វាវុធច្រើន ទៅព្រំដែន ជាប់មីយ៉ាន់ម៉ា

នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុក នៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅខាងព្រំដែនមីយ៉ាន់ម៉ា, ប្រទេសថៃ បានដាក់កម្លាំង និងសព្វាវុធបន្ថែមទៅកាន់តែច្រើន ក្នុងខេត្ត Tak ជាការប្រុងប្រៀបឆ្លើយតប បើសិនជាការប្រយុទ្ធនៅខាងមីយ៉ាន់ម៉ា ធ្លាយចូលដីរបស់ខ្លួន។

តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, កងកម្លាំងសន្តិសុខនៅក្នុងស្រុក Mae Sot បានដាក់ពង្រាយទ័ពបន្ថែម យកមកពីកងកម្លាំង Rajamanu Task Force) រួមជាមួយរដ្ឋបាលស្រុក, កងអនុសេនាធំ និងអង្គភាពនគរបាលល្បាតព្រំដែន ដើម្បីការពារតំបន់ និងច្រកព្រំដែនទាំងអស់។

កងកម្លាំងថៃ បានប្រកាសពីការត្រៀមខ្លួន រួចជាស្រេចក្នុងការវាយបក សងសឹកភ្លាមៗ ដោយប្រើប្រាស់វិធានការ បើគ្រាប់យុទ្ធភណ្ឌមីយ៉ាន់ម៉ា ហោះធ្លាយចូលមកក្នុងទឹកដីថៃមែន។

ការដាក់កម្លាំងបន្ថែម និងបញ្ជូនសព្វាវុធទៅព្រំដែននេះ កើតឡើងបន្ទាប់ពី ទាហានមីយ៉ាន់ម៉ា បាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែន នៅតាមដងទន្លេ Moei ដើម្បីព្យាយាមដណ្តើមការកាន់កាប់ទឹកដីមកវិញ ហើយការប្រយុទ្ធគ្នានោះ ធ្វើឲ្យខាងថៃ ភិតភ័យ ឈានដល់បិទសាលារៀន និងអ្នកភូមិ Mae Kon Ken រត់ភៀសខ្លួនទាំងព្រលឹងចុងសក់។

ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុកនេះ កើតឡើងក្នុងទីក្រុង Myawaddy ដោយកងទ័ពរបបសឹកមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំងនិងអាវុធ ធុនធ្ងន់ជាច្រើន ដើម្បីប្រយុទ្ធជាមួយក្រុមប្រឆាំង។

ដោយសារតែមើលទៅ ឃើញស្ថានការណ៍មិនស្រួល និងខ្លាចថា គ្រាប់កាំភ្លើងហោះបុកចំ ចូលដីរបស់ខ្លួន, ថៃបានប្រញាប់ជម្លៀសអ្នកភូមិ និងបិទសាលារៀន Ban Mae Kon Ken នៅក្នុងឃុំ Mahawan នៃស្រុក Mae Sot ខេត្ត Tak។

ភ្លាមៗនោះ ថៃ ក៏បានបញ្ជូនកម្លាំងខ្លះទៅពង្រឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍យាមល្បាតរួចហើយផងដែរ ព្រមទាំងតាមដានសភាពការណ៍ យ៉ាងជាប់លាប់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង