អ៊ុយក្រែន ព្រមានកែប្រែសំណើបទឈប់បាញ់ បើអន្តរជាតិ នៅតែបន្តឱបដៃឈរមើលអន្តរាយ
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់ដំណាក់កាលកាន់តែតានតឹងខ្លាំង នៅលើឆាកអន្តរជាតិ ដោយកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Andriy Melnyk បានព្រមានថា រដ្ឋាភិបាលក្រុងកៀវ អាចនឹងកែប្រែ និងផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើឈប់បាញ់របស់ខ្លួន បើអង្គការសហប្រជាជាតិនៅតែបន្តប្រកាន់យកទម្លាប់ «ឱបដៃឈរមើលអន្តរាយ» បែបនេះទៀត។

យោងតាម Kyiv Post នៅក្នុងកិច្ចប្រជុំដដែលនោះ លោក Melnyk ក៏បានបើកការវាយប្រហារតាមសម្តីយ៉ាងចាស់ដៃ ទៅលើតំណាងប្រទេសរុស្ស៊ីផងដែរ ដោយព្រមានចំៗថា ការវាយយក និងគ្រប់គ្រងទឹកដីអ៊ុយក្រែនពីសំណាក់ទីក្រុងមូស្គូ គឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ហើយលោកបានផ្តល់ដំបូន្មានឲ្យរុស្ស៊ីដកទ័ពរត់ចេញពីអ៊ុយក្រែនឲ្យបានលឿនបំផុត មុនពេលអ្វីៗត្រូវយឺតពេល។
ការចេញមុខមកថ្លែងការណ៍ទាំងកំហឹងរបស់តំណាងអ៊ុយក្រែនរូបនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយ កាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ មិថុនា ដោយបានប្រើប្រាស់មីស៊ីលចំនួន ៧០គ្រាប់ និងដ្រូនជាង ៦០០គ្រឿង បាញ់ស្រោចលើទីក្រុងនានារបស់អ៊ុយក្រែន ជាពិសេសគឺទីក្រុងកៀវ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើន រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះផងដែរ។ អ្វីដែលធ្វើឲ្យអ៊ុយក្រែនឈឺចាប់បំផុតនោះ គឺការវាយប្រហារនេះ បានបំផ្លិចបំផ្លាញដល់ព្រះវិហារគ្រិស្តបុរាណសតវត្សរ៍ទី១១ Orthodox ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) និងបានដុតបំផ្លាញស្ទូឌីយោភាពយន្តប្រវត្តិសាស្ត្រ Dovzhenko ដែលប្រៀបដូចជា «ហូលីវូដ» របស់អ៊ុយក្រែន ឲ្យក្លាយជាផេះផង់ ដែលលោក Melnyk ចាត់ទុកសកម្មភាពរបស់មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថាជាភាពព្រៃផ្សៃបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
ទន្ទឹមនឹងការចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការធ្វើបាបកុមាររហូតដល់ថ្នាក់ត្រូវ UN ដាក់ឈ្មោះរុស្ស៊ីចូលក្នុង «បញ្ជីខ្មៅនៃភាពអាម៉ាស់» ស្មើនឹងក្រុមភេរវករ ISIS និងអាល់កៃដានោះ តំណាងអ៊ុយក្រែន ក៏បានចេញមុខការពារសកម្មភាពកងទ័ពខ្លួន ក្នុងការវាយបកបាញ់កម្ទេចរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីផងដែរ។ លោក Melnyk បានពន្យល់ថា រោងចក្រប្រេងទាំងនោះ មិនមែនជាសំណង់ស៊ីវិលធម្មតាឡើយ ប៉ុន្តែវាជាគោលដៅយោធាស្របច្បាប់តាមច្បាប់អន្តរជាតិ ព្រោះវាជាអ្នកផលិតប្រេងសម្រាប់ចាក់ឲ្យរថក្រោះ យន្តហោះចម្បាំង និងនាវាផ្ទុកមីស៊ីលរបស់រុស្ស៊ីយកមកកាប់សម្លាប់ប្រជាជនអ៊ុយក្រែន។
លោក Melnyk បានសង្កត់ធ្ងន់ទៀតថា ពេលនេះ «ដុំថ្មដែលរុស្ស៊ីបានគប់ចេញ កំពុងតែហោះត្រឡប់មកបោកចំក្បាលរុស្ស៊ីវិញហើយ» ព្រោះឥឡូវនេះ ប្រជាជនរុស្ស៊ីផ្ទាល់កំពុងតែចាប់ផ្តើមដឹងរសជាតិ និងដកដង្ហើម ក្នុងស្រមោលសង្គ្រាមនេះដែរហើយ បន្ទាប់ពីរោងចក្រប្រេងរបស់រុស្ស៊ីជិត ៤០ភាគរយត្រូវបានបំផ្លាញ ហើយសូម្បីតែប្រព័ន្ធការពារដែនអាកាសការពារទីក្រុងមូស្គូ ក៏មិនអាចទប់ទល់នឹងការវាយបករបស់អ៊ុយក្រែនបានដែរ ហើយលោកបានព្រមានថា នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ៕
