សាលាដំបូងខេត្តកណ្តាល ឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វារម្នាក់ និងបក្សពួក២នាក់ ពីបទហិង្សានិងបង្ខាំងមនុស្សខុសច្បាប់

សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វារ និង បក្សពួក២នាក់ទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ បណ្តាលឱ្យជនរងគ្រោះលោតទឹកស្លាប់។

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ សាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ដែលបានកើតឡើងនៅក្នុងក្រុងអរិយក្សត្រ។

យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តុលាការបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៩៣ អ.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងសំណុំរឿងនេះ មានជនត្រូវចោទចំនួន ៣នាក់ បានជិះរថយន្តមួយគ្រឿងម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-5414 ទៅធ្វើសកម្មភាពចាប់ក្របួចកអាវជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង ញាត់បញ្ចូលក្នុងរថយន្ត និងបានប្រើហិង្សាទៅលើជនរងគ្រោះថែមទៀតផង ដោយហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា បន្ទាប់ពីចាប់បង្ខាំងរួច ក្រុមជនត្រូវចោទបានឌុបជនរងគ្រោះឆ្លងតាមកំពង់ចម្លងស្វាយជ្រំ។ លុះធ្វើដំណើរជិតដល់ត្រើយម្ខាង (ខាងជ្រោយចង្វារ) ជនរងគ្រោះបានសុំចុះពីលើរថយន្តដើម្បីបត់ជើងតូច ហើយក៏បានឆ្លៀតឱកាសលោតចុះពីលើទូកដរចូលទៅក្នុងទឹកទន្លេ បណ្តាលឱ្យលិចបាត់ស្រមោលតែម្តង។រហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះ អណ្តែតមកទើនៅចំណុចមាត់ច្រាំងទន្លេមេគង្គ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ផ្អែកលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ៣នាក់ នៅក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង