យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ៣៣គ្រាប់ក្បែរដីថៃ ឯគ្រាប់ផ្លោង ក៏ត្រូវចំផ្ទះពលរដ្ឋទៀត
ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ឯណោះ រឹតតែក្តៅឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសមរភូមិខាងមីយ៉ាន់ម៉ា កាន់តែសាហាវទៅៗ។

ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែក ជាង ៣០គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។
តាមការផ្សាយរបស់ Amarin TV នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦, យន្តហោះ Y-12 របស់មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើបន្ទាយក្រុមការ៉ែន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ Thicha Lae នៃឃុំ Wa Lae Mai ស្រុក Myawaddy ចម្ងាយប្រហែល ៣គីឡូម៉ែត្រពី ភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។

ក៏មានសេចក្តីរាយការណ៍អំពី មនុស្សស្លាប់និងរបួសផងដែរ ប៉ុន្តែមិនមានប្រភពណា បញ្ជាក់ច្បាស់ថា តួលេខពិតប្រាកដ ប៉ុន្មាននោះទេ។
ចំណែកការប្រយុទ្ធគ្នាជើងគោកវិញ គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Huai Maha Wong នៃស្រុក Mae Sot ខេត្ត Tak ត្រូវចំផ្ទះពលរដ្ឋ ខ្ទេចអស់មួយខ្នង។

មិនត្រឹមប៉ុណ្ណឹង គ្រាប់កាំភ្លើងយន្តបាញ់ចេញពីមីយ៉ាន់ម៉ា ក៏ស្រោចត្រូវចំ ផ្ទះមួយខ្នងទៀតដែរ ទាំងដែលមានមនុស្ស ២នាក់ស្ថិតនៅក្នុងនោះ ប៉ុន្តែគ្មាននរណាម្នាក់ របួសទេ។
នេះមិនមែនទើបលើកដំបូងឡើយ ដែលគ្រាប់មីយ៉ាន់ម៉ា ហោះធ្លាយចូលដីថៃ។ ជាក់ស្តែង ជារឿយ ខាងថៃ តែងត្រូវរងគ្រោះជាបន្តបន្ទាប់ ប៉ះពាល់ដល់សម្បែងពលរដ្ឋ ជាពិសេសក្នុងខេត្ត Mae Hong Son និង Tak ប៉ុន្តែថៃ មិនដែលហ៊ានតបតអ្វី ទៅមីយ៉ាន់ម៉ា វិញទេ៕
