គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបសំបុកឆបោកអនឡាញនៅខណ្ឌដង្កោ ឃាត់ខ្លួនជនបរទេស៨នាក់ មានគោលដៅបោកប្រាស់ទៅច្រើនប្រទេស
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះបង្ក្រាប បទល្មើស Online Scams នៅចំណុចផ្ទះC១៦ ផ្លូវBL០២ បុរីប៊ុនលីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ជនបរទេស០៨នាក់ មានគោលដៅឆបោកទៅច្រើនប្រទេ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការចុះប្រតិបត្តិផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារនគរបាលសន្តិសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។


ជាលទ្ធផល នៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុបចំនួន ៨នាក់ ( ស្រី០១នាក់ ) ក្នុងនោះរួមមាន ជនជាតិបង់ក្លាដេសចំនួន ០៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ចំនួន០១នាក់ (ស្រី)។
ក្នុងការបង្ក្រាបដដែល សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ៖ laptop ចំនួន ១២គ្រឿង , ទូរស័ព្ទចំនួន ១៧គ្រឿង , ដុំWifi ចំនួន០១គ្រឿង , ដុំmodem ចំនួន ០១គ្រឿង , អង្គចងចាំ(USB Flash) , ក្រដាសប្រាក់ដុល្លារសែន(Copy) ចំនួន ៤៩សន្លឹក សម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ។


ផ្អែកតាមការធ្វើកោសលល្យវិច្ច័យរបស់ក្រុមសមត្ថកិច្ចជំនាញ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជា ជាជម្រក ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោកប្រាស់ដាក់ប្រាក់ ចូលរួមវិនិយោគក្លែងក្លាយ(InvestmentScams)ដែលមានគោលដៅសហរដ្ឋអាមេរិក, ប្រេស៊ីល, មុិចស៊ីកូ និងកូឡុំប៊ី ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអនុវត្តទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ៕

