មេ UN ព្រមានថា AI កំពុងដើរលឿនពេក ហួស​ពី​ការ​គ្រប់គ្រងហើយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នា​ថ្ងៃចន្ទ ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ នេះ បានចេញមុខព្រមានចំៗថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅ​ថា AI កំពុងតែអភិវឌ្ឍខ្លួនលឿនស្លេវ ហួសពីសមត្ថភាពដែលមនុស្សអាចតាមទាន់ ដោយ​លោកបានជំរុញ​ឲ្យពិភពលោកទាំងមូលរួមគ្នាបង្កើតច្បាប់រួមមួយឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ ជាពិសេសគឺដើម្បីការពារសុវត្ថិភាពរបស់កុមារតូចៗ។

លោក Antonio Guterres

តាម​ការ​ផ្សាយរបស់ REUTERS នៅក្នុងកិច្ចពិភាក្សាជាសកលកម្រិតរដ្ឋាភិបាលលើកដំបូងបង្អស់ស្តីពី AI ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ លោក Guterres បានថ្លែងទៅកាន់ក្រុមប្រតិភូថា បច្ចេកវិទ្យាដ៏ទំនើបមួយនេះ មានឥទ្ធិពលខ្លាំង រហូតដល់អាចកែប្រែប្រព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូរទម្រង់ការងាររបស់មនុស្សជាតិ ជះឥទ្ធិពលលើលទ្ធផលបោះឆ្នោត និងអាចបំបែកជញ្ជីងសន្តិសុខពិភពលោកបានទៀតផង។ លោកបានបន្ថែមថា សូម្បីតែអ្នកបង្កើត AI ខ្លួនឯង ក៏ឥឡូវនេះរត់តាមបច្ចេកវិទ្យារបស់ខ្លួនមិនទាន់ដែរ ដូច្នេះហើយទើបការច្នៃប្រឌិតថ្មីៗទាំងនេះ ចាំបាច់ត្រូវតែមាន «របាំងការពារ និងការគ្រប់គ្រង» ឲ្យបានម៉ឺងម៉ាត់។

គោលបំណងចម្បងនៃជំនួបកំពូលរយៈពេលពីរថ្ងៃរបស់ UN នៅពេលនេះ គឺមិនមែនដើម្បីបង្កើតសន្ធិសញ្ញាផ្លូវការអ្វីនោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ស្វែងរកវិធីសាស្ត្រ និងការកំណត់ច្បាប់ទម្លាប់រួមគ្នា ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានារបស់ AI ផង និងចេះច្បាមយកឱកាសចំណេញពីវាផង។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រតិភូទាំងអស់ ក៏នឹងត្រូវពិនិត្យមើលរបាយការណ៍វាយតម្លៃដំបូងគេបង្អស់ពីក្រុមអ្នកវិទ្យាសាស្ត្រឯករាជ្យចំនួន ៤០រូប ដែលគាំទ្រដោយអង្គការ UN ផងដែរ។

យោងតាមគម្រោងដែលបានគ្រោងទុក របាយការណ៍ផ្លូវការដែលមានលក្ខណៈលម្អិត និងស៊ីជម្រៅជាងនេះ នឹងត្រូវប្រកាសចេញនៅឆ្នាំក្រោយ ស្របពេលដែលកិច្ចប្រជុំពិភាក្សាជាសកលលើកទីពីរ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបន្តតាមដាន និងគ្រប់គ្រងខួរក្បាលសិប្បនិម្មិតមួយនេះកុំឲ្យបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង