ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកោះកុង

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៣៥០រូប ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកោះកុង បានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុងទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីលះបង់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និងការងារមនុស្សធម៌នានា ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។

តាមរយៈសេចក្តីសម្រេចរបស់ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការតែងតាំងប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអានដោយ លោក ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការរង លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាប្រធានកិត្តិយស និងលោកស្រី ឈី វ៉ា ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកោះកុង។

បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ឈី វ៉ា ប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង