ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងថា មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែល លោក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់មន្ត្រីការទូតកម្ពុជា»។

គោលបំណងនៃសិក្ខាសាលានេះផ្តល់បច្ចុប្បន្នភាពអំពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ និងកត្តាសំខាន់ៗ ដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច។ ក្រៅពីនេះក៏នឹងពិភាក្សា និងវាយតម្លៃ អំពីផលប៉ះពាល់នៃបញ្ហាប្រឈមសំខាន់ៗ ជាពិសេសស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ ការធ្លាក់ចុះនៃទេសចរណ៍ ការកើនឡើងថ្លៃថាមពល និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល។

សិក្ខាសាលានេះ ក៏នឹងចែករំលែកព័ត៌មានបច្ចុប្បន្នភាពគោលនយោបាយ និងវិធានការនានា ដែលបានដាក់ចេញដោយ ក្រសួង-ស្ថាប័នពាក់ព័ន្ធនាអំឡុងឆ្នាំ២០២៦ និងការទប់ស្កាត់ផលប៉ះពាល់នៃបញ្ហាប្រឈមខាងលើ និងពង្រឹងការយល់ដឹងអំពីតួនាទីមន្ត្រីការទូត ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការខាងលើ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ត្រីការទូតត្រូវតែយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានាមកបណ្ដាក់ទុននៅកម្ពុជា។ លោក បញ្ជាក់ថា «មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ។ ការយល់ដឹងបន្ថែមពីវិស័យអាទិភាពរបស់ជាតិ គឺជារឿងចាំបាច់»។

ប្រមុខការទូតកម្ពុជា បានលើកឡើងថា គេអាចវាស់ខ្ទង់អំណាចរបស់រដ្ឋមួយ លើឥទ្ធិពលនយោបាយ និងយោធា តែក៏មិនភ្លេចសម្លឹងលើសមត្ថភាពផលិតរបស់រដ្ឋនោះ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញ គួបផ្សំនឹងសមត្ថភាពទាក់ទាញការវិនិយោគរបស់រដ្ឋនោះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាមានប្រៀបផ្នែកសេដ្ឋកិច្ចច្រើន បូករួមនឹងស្ថានភាពភូមិសាស្ត្រអំណោយផលទៅលើវិស័យសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម ដែលមន្ត្រីការទូតអាចលើកឡើងជូនទៅវិនិយោគិនបរទេស។

រដ្ឋមន្ត្រីការបរទេស បានផ្ដល់នូវអនុសាសន៍គន្លឹះសំខាន់ៗដល់មន្ត្រីការទូត សំដៅស្វែងយល់ពីកាលានុវត្តភាពថ្មីៗដែលកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេស មកបោះទុនវិនិយោគបាន ក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិរបស់យើង។ ក្រៅពីការស្វែងយល់ពីគោលនយោបាយក្នុងស្រុក មន្ត្រីការទូតក៏ត្រូវស្វែងយល់ពីគោលនយោបាយសេដ្ឋកិច្ច និងស្ថានភាពទីផ្សារជាសកល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថាអង្គសិក្ខាសាលានឹងផ្ដល់នូវធាតុចូលបន្ថែមពីកាលនុវត្តភាពថ្មីៗរបស់កម្ពុជាដល់មន្ត្រីការទូតទាំងអស់ ឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយសេដ្ឋកិច្ចជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង