រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កិច្ចសហការរវាងមន្រ្តី និងអ្នកស្រឡាញ់បរិស្ថាន ពង្រឹងការការពារធនធានធម្មជាតិនៅកម្ពុជា

(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ជាពិសេសអ្នកស្រឡាញ់បរិស្ថាន ដែលបានសហការយ៉ាងសកម្មជាមួយមន្រ្តីឧទ្យានុរក្ស ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ។

កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរួមសហការគ្នារវាងមន្រ្តីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន គឺជាគន្លឹះដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។

ជាក់ស្តែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដដែល មន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃ សហការជាមួយលោក តាន់ គឹមសួរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយចាប់ឃាត់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ២គ្រឿង និងឈើអារប្រភេទក្រៅលំដាប់ថ្នាក់ (កំពីងដុក) ចំនួន ២៨៩សន្លឹក ស្មើនឹង ១២.៣២០៦ ម៉ែត្រគូប ដែលដឹកជញ្ជូនដោយគ្មានការអនុញ្ញាត។

ប្រតិបត្តិការនេះបានធ្វើឡើងនៅភូមិស្រែកិន និងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់។

ដោយពិនិត្យឃើញថា ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាតនេះ គឺផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រុមការងារបាននាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការរងឧទ្យានុរក្សស្រែកិន ដើម្បីរៀបចំសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហគមន៍ និងអ្នកស្រឡាញ់បរិស្ថានទាំងអស់ បន្តពង្រឹងកិច្ចសហការ និងផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយមន្ត្រីឧទ្យានុរក្ស ដើម្បីរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់បច្ចុប្បន្ន និងអនាគត៕

 

អត្ថបទដែលជាប់ទាក់ទង