មេដឹកនាំកំពូល អាមេរិក រុស្ស៊ី និងចិន អាចនឹងចួបប្រជុំត្រីភាគីជាប្រវត្តិសាស្ត្រ នៅខែនេះ
យោងតាមកាសែត Financial Times ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ លោក ស៊ី ជីនពីង និង លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំខ្លួនយ៉ាងសកម្ម សម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបាន អំឡុងពេលអ្នកទាំងបីចូលរួមកិច្ចប្រជុំកំពូលមួយ នៅប្រទេសចិននៅចុងខែនេះ។

យោងតាម Financial Times មន្ត្រីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានធ្វើកិច្ចពិភាក្សាយ៉ាងម៉ត់ចត់អំពីកិច្ចប្រជុំកំពូលត្រីភាគី ពេលប្រមុខរដ្ឋ ធ្វើដំណើរទៅកាន់ទីក្រុង Shenzhen សម្រាប់កិច្ចប្រជុំកំពូល APEC ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ វាជាសន្និសីទលើកដំបូងរវាងមេដឹកនាំទាំងបី ដែលអាចកើតឡើង ស្របពេល លោក ត្រាំ ព្យាយាមបន្ធូរបន្ថយទំនាក់ទំនងដ៏ត្រជាក់ជាមួយមេដឹកនាំផ្តាច់ការ នៅទីក្រុងប៉េកាំង និងមូស្គូ។ កិច្ចប្រជុំបីផ្លូវនេះ នឹងបង្កើនការព្រួយបារម្ភពីអឺរ៉ុប ដល់អាស៊ី ជុំវិញកិច្ចព្រមព្រៀងឯកជន ដែលធ្វើឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីងតោនចុះខ្សោយ។
ពេលនិយាយអំពីលទ្ធភាព ចំពោះកិច្ចប្រជុំកំពូលត្រីភាគី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ថា៖ «មានការយល់ឃើញរួមគ្នាមួយ ក្នុងចំណោមភាគីដែលនឹងចូលរួមក្នុងកិច្ចប្រជុំនេះថា វាជារឿងសមស្រប និងមានប្រយោជន៍យ៉ាងខ្លាំង»។
កាលពីខែតុលា លោក ត្រាំ បង្ហាញថា ខ្លួនបើកចំហ ចំពោះការពិភាក្សាត្រីភាគីស្តីពីការគ្រប់គ្រងអាវុធ រួមជាមួយ លោក ស៊ី និង លោក ពូទីន ដោយបន្ថែមថា អ្នកទាំងបី ក៏អាចពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្ម ជាដើម។
លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែតុលា ថា៖ «យើងនឹងពិភាក្សាគ្នាអំពីអាវុធនុយក្លេអ៊ែរ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ប្រសិនបើប្រធានាធិបតី ស៊ី ចង់ជួបពិភាក្សា នោះខ្ញុំក៏នឹងចូលរួមដែរ»។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម ប្រទេសរុស្ស៊ីគឺ ជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងស្តុកច្រើនជាងគេបំផុត បន្ទាប់មកគឺសហរដ្ឋអាមេរិក និងប្រទេសចិន។
ប្រភពមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែមុនថា រដ្ឋបាលសេតវិមាន បានចំណាយពេលជាច្រើនសប្តាហ៍មកហើយ ក្នុងការពិចារណាអំពីលទ្ធភាព ជួបជាមួយមេដឹកនាំទាំងពីរ ដោយផ្តោតលើប្រធានបទ លុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្រៅកិច្ចប្រជុំកំពូល APEC។
យោងតាមកាសែត Wall Street Journal លោក ពូទីន បានស្នើឱ្យប្រើប្រាស់កិច្ចប្រជុំបែបនេះ ដើម្បីចរចាបញ្ចប់ជម្លោះរយៈពេល ៤ឆ្នាំ នៅអ៊ុយក្រែន ក្នុងលក្ខណៈមួយ ដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ។
ទោះជាយ៉ាងណាក៏ដោយ នៅតែមិនច្បាស់លាស់ថា តើនឹងមានរបៀបវារៈអ្វីខ្លះ ប្រសិនបើកិច្ចពិភាក្សានោះពិតជាកើតឡើងមែន៕

