ក្រសួងទេសចរណ៍ ដាក់ឲ្យដំណើរការសាកល្បងកម្មវិធី «2026 Siem Reap Tourism Service Mega Sale» ផ្ដល់ការបញ្ចុះតម្លៃសេវាទេសចរណ៍រហូតដល់ ៥០%

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធី «2026 Siem Reap Tourism Service Mega Sale» ឬកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងរដូវកាលបៃតង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។

កម្មវិធីនេះត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងមានការគាំទ្រពីអាជីវកម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប។

កម្មវិធីគ្រោងនឹងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ ដោយផ្ដល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ [www.cambodiawonder.com](http://www.cambodiawonder.com) និងទទួលបានការបញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់ ៥០%លើសេវាកម្មទេសចរណ៍កម្រិតសណ្ឋាគារផ្កាយ៣ ដល់ផ្កាយ៥។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទទួលយកការផ្ដល់ជូនដ៏ពិសេសនេះ ព្រមទាំងជួយផ្សព្វផ្សាយកម្មវិធីឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង