កម្ពុជាចុះMOU លើការបណ្ដុះបណ្ដាលបច្ចេកទេសវិស្វកម្មជាមួយរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី
ក្រសួងការងារកម្ពុជាកាលពីចុងខែកក្កដាបានចុះអនុស្សរណៈយោគយល់គ្នាជាប្រវត្តិសាស្ត្រជាមួយតំបន់សេដ្ឋកិច្ចពិសេស Alabuga នៃរដ្ឋតាតាស្ថាន សហព័ន្ធរុស្ស៊ី ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងការផ្លាស់ប្ដូរបទពិសោធន៍សម្រាប់យុវជនសិក្ខាកាមកម្ពុជា ក្រោមកម្មវិធី “Alabuga Start”។ នេះជាលទ្ធផលវិជ្ជមានថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីបន្ទាប់ពីជំនួបរវាងសម្ដេចធិបតី និងប្រធានាធិបតីរុស្ស៊ីនាទីក្រុងកាហ្សានកាលពីខែមិថុនាកន្លងទៅ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក សេង សក្ដា ដែលដឹកនាំប្រតិភូពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា បានឱ្យដឹងថានេះគឺជាជំហានដ៏មានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងរុស្ស៊ី ដែលមានការសម្របសម្រួលដោយសមាគមពាណិជ្ជករកម្ពុជារុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី។
លោកថា៖ «ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង សមាគមពាណិជ្ជករកម្ពុជា–រុស្ស៊ី និង សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ជាមួយ ALMAC និង NTTI នឹងប្រែក្លាយកិច្ចព្រមព្រៀង និងឱកាសពាណិជ្ជកម្មទាំងនេះទៅជាសកម្មភាពជាក់ស្តែង ដើម្បីបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងប្រជាជននៃប្រទេសទាំងពីរជាអតិបរមា»។
ក្នុងដំណើរបេសកកម្មនេះប្រតិភូកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នៃសាធារណរដ្ឋតាតារស្ថាន លោក Ole Vladimirovich Korobchenko ផងដែរ។
ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងថាកម្ពុជានិងរុស្ស៊ីអាចពឹងផ្អែកគ្នាបានទាំងឧស្សាហកម្ម និងកសិកម្ម ដោយក្នុងនោះលោកបានលើកឡើងពីឱកាសវិនិយោគពីរុស្ស៊ីមកកម្ពុជា និងការនាំចេញទំនិញកសិកម្ម កសិឧស្សាហកម្ម ពីកម្ពុជាទៅរុស្ស៊ីផងដែរ។


លោកថា ប្រទេសកសិកម្មដូចកម្ពុជាគឺមានតម្រូវការខ្ពស់លើជីកសិកម្ម ត្រាក់ទ័រ ដ្រូនកសិកម្ម ដែលជាទីផ្សារមួយរបស់រុស្ស៊ី ក្រៅពីនេះរុស្ស៊ីក៏អាចនឹងសិក្សាលទ្ធភាពវិនិយោគលើការបង្កើតរោងចក្រដំឡើងផលិតរថយន្តធន់ធ្ងន់ KAMAZ និងរថយន្តលំដាប់ថ្នាក់ដឹកនាំ AURUS នៅកម្ពុជាផងដែរ។ បន្ថែមលើនេះរុស្ស៊ីក៏អាចជាទីផ្សារសំខាន់មួយនៃជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីពីកម្ពុជាផងដែរ។
ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី លោក នូរឡាន យ៉ឺមេកបាយ៉េវ អំឡុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន កាលពីថ្ងៃទី១៨ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការសិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរផងដែរ។
សម្ដេចក៏បានបញ្ជាក់បែបនេះម្ដងទៀត ដោយស្នើសុំឱ្យមានការគាំទ្រពីរុស្ស៊ី ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ផងដែរ។
លោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងថាការបង្កើតទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយតំបន់នេះនឹងផ្ដល់ប្រយោជន៍ចំនួន៣ដល់កម្ពុជា គឺការធ្វើពិពិធកម្មទីផ្សារ ដែលអាចឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារអឺរ៉ុប និងអាមេរិក ខណៈកម្ពុជាក៏អាចទាក់ទាញអ្នកវិនិយោគ និងបច្ចេកវិទ្យាពីបណ្ដាប្រទេសនៅតំបន់នេះមកក្នុងប្រទេសផងដែរ។
ចំណុចមួយទៀតដែលលោកបណ្ឌិត ញិល រដ្ឋា មើលឃើញនោះគឺការធានាដល់សន្តិសុខថាមពល និងវត្ថុធាតុដើម ព្រោះប្រទេសរុស្ស៊ី និងកាហ្សាស្ថាន ដែលជាសមាជិកនៃតំបន់នេះគឺជាប្រភពផ្គត់ផ្គង់ប្រេង ហ្គាស និងជីកសិកម្មដ៏ធំបំផុតក្នុងពិភពលោក៕

