កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការ​កំណត់​អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» eDNA ដើម្បីបង្កើន​ប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងបរិស្ថានអេកូឡូស៊ី​ទន្លេមេគង្គ

(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា អនុ​រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ​ជា​អធិប​តី​ក្នុងពិធី​បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី «ការកំណត់អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» (eDNA)។

ថ្លែងក្នុងពិធីបើក កញ្ញា អ៉ឹម រចនា បានគូសបញ្ជាក់ថា ការបង្កើនចំណេះដឹងលើ «eDNA» ជួយបង្កើន​ប្រសិទ្ធភាព​នៃការអភិរក្សជីវចម្រុះ និងបរិស្ថានអេកូឡូស៊ី​ទន្លេមេគង្គ ជួយការពារពូជត្រីកម្រ និងរួមចំណែកដល់ការ​ការពារ​និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅក្នុង​អន្លង់ទឹកជ្រៅនៃខេត្តក្រចេះ និងស្ទឹងត្រែង នៃប្រទេសកម្ពុជា។

គួរបញ្ជាក់ជូនថា eDNA គឺជាសំណាកនៃវារីសត្វនៅក្នុងទឹក។ ការពិនិត្យ eDNA អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រ​ដឹងថា មានត្រី ឬសត្វកម្រប្រភេទណាខ្លះកំពុងរស់​នៅក្នុង​តំបន់​នោះ ដោយ​គ្រាន់តែយកសំណាកទឹកទៅវិភាគនៅក្នុង​មន្ទីរ​ពិសោធន៍។ បើតាមលោកជំទាវអនុរដ្ឋលេខាធិការ ការអនុវត្ត​វិធីសាស្ត្រ eDNA នេះ នឹងផ្តល់នូវមូលដ្ឋានទិន្នន័យច្បាស់លាស់ និង​លឿនរហ័ស សម្រាប់ប្រទេសនៅតាមដងទន្លេមេគង្គអាច​កំណត់តំបន់ការពារជលផលបានចំគោលដៅ។

សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នេះ រៀបចំឡើង​ដោយនាយកដ្ឋាន​អភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ក្រោមការគាំទ្រ​ថវិកាពីគម្រោងក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិ​ការមេគង្គ-ឡានឆាង ដោយមានការចូលរួមពី លោក អ៊ុក វិបុល និងលោក ផៃ សុម៉ានី ប្រធាននិងអនុប្រធាននាយកដ្ឋា​នអភិរក្ស​ជលផល នៃអគ្គនាយកដ្ឋានជលផល មន្ត្រីជំនាញនៃខណ្ឌ​ជល​ផល​ខេត្តក្រចេះ និងស្ទឹងត្រែង ក្រុម​អ្នកស្រាវជ្រាវជាន់​ខ្ពស់​មក​ពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងតំណាងមក​ពីអង្គការ WWF សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប៕

អត្ថបទដែលជាប់ទាក់ទង