ក្រសួងបរិស្ថាន អំពាវនាវបញ្ឈប់ការផ្សព្វផ្សាយ និងបរិភោគសត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ដូចជាការបង្ហោះរូបភាព និងខ្លឹមសារនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬក្នុងគោលបំណងជួយញដូរ បរិភោគសត្វព្រៃ ឬការធ្វើមុខម្ហូបពីសត្វព្រៃ និងរុក្ខជាតិកម្រទៀតឡើយ។
លោកបានលើកឡើងថា កន្លងមកនេះមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនា ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានស្នើសុំការសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរឹង និងអនុវត្តច្បាប់ ១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងជួញដូរសត្វព្រៃ នៅលើបណ្តាញអនឡាញ ដែលជាអំពើល្មើសច្បាប់ ដូចទៅហ្នឹងការជួញដូរដោយផ្ទាល់ផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវយ៉ាងដូច្នេះថា៖ «សកម្មភាពផ្សព្វផ្សាយ ទាក់ទងនឹង «ការស្រឡាញ់សត្វព្រៃ មិនមែនជាការយកពួកវាមកដាក់ក្នុងទ្រុងនោះទេ» ហើយ ការបរិភោគសាច់សត្វព្រៃគ្មានអត្ថប្រយោជន៍ និងមានតែបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នកបរិភោគ»។
លោក ខ្វៃ អាទិត្យា បានស្នើសុំការការចូលរួមពីគ្រប់វិស័យ ជំរុញយុទ្ធនាការរួមគ្នា ពីអ្នកពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាលើបណ្តាញសង្គម សិល្បករ ព្រះសង្ឃ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ទាំងអស់ ចូលរួមផ្សព្វផ្សាយ ជួយបង្កើនចំនេះដឹងពលរដ្ឋឱ្យយល់ដឹងពីតម្លៃព្រៃឈើ សត្វព្រៃ ជីវៈចម្រុះនានា។
សូមបញ្ជាក់ថា ទោះបីជាមិនទាន់មានច្បាប់ដាច់ដោយឡែកតែមួយ សម្រាប់គ្រប់គ្រងការជួញដូរសត្វព្រៃ តាមអនឡាញក៏ដោយ ប៉ុន្តែរាល់សកម្មភាពផ្សព្វផ្សាយ លក់ បញ្ជាទិញ ឬដឹកជញ្ជូនសត្វព្រៃ សំណាក ឬពងសត្វ តាមរយៈបណ្តាញសង្គម (Facebook, tick tok, Telegram) គឺត្រូវចាត់ទុកជា «បទល្មើសជាក់ស្តែង» ដែលត្រូវផ្តន្ទាទោស តាមច្បាប់ជាធរមាន។
យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងមាត្រា៣៨០ (១១) និងមាត្រា១៤១ ហាមឃាត់នូវការជួញដូរសត្វព្រៃ និងកំណត់ទោសទណ្ឌតាមមាត្រា៨៥១ ត្រង់ចំណុច «ក» ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានការផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងកម្រិតពិន័យថែមទៀត។ លើសពីនេះ រាល់វត្ថុតាង សម្ភារៈ ឧបករណ៍ ឬមធ្យោបាយប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ព្រមទាំងផលទុនដែលបានពីការជួញដូរ ត្រូវដកហូតទុកជាសម្បត្តិរដ្ឋ៕
