បាក់ដីកាត់ផ្តាច់ផ្លូវនៅជប៉ុន បណ្តាលឲ្យជាប់គាំងមនុស្សជិត៤០០នាក់នៅតំបន់រមណីយដ្ឋាន
ការបាក់ដីនៅជប៉ុន បានបណ្តាលឲ្យមនុស្សជិត៤០០នាក់ជាប់គាំង។ ក្នុងចំណោមអ្នកជាប់គាំងដោយសារតែហេតុការណ៍បាក់ដី កាត់ផ្តាច់ផ្លូវធ្វើដំណើរនោះ គឺជាភ្ញៀវទេសចរ ទៅសម្រាកលំហែនៅរមណីយដ្ឋាន និងអ្នកឡើងភ្នំ។
សារព័ត៌មានជប៉ុន KYODO NEWS បានរាយការណ៍ថា ឧបត្តិវហេតុនេះកើតឡើងនៅថ្ងៃទី ៨ ខែសីហា នៅក្នុងខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុន បានធ្វើឱ្យមនុស្សប្រហែល ៣៩០ នាក់ជាប់គាំង។

តាមសេចក្តីរាយការណ៍ ប៉ូលីសមូលដ្ឋាន មិនទាន់អាចបញ្ជាក់អំពីរបាយការណ៍អំពីអ្នករងរបួសទាក់ទងនឹងការរអិលបាក់ដី ដែលបានកាត់ផ្តាច់ផ្លូវតែមួយគត់ដែលនាំទៅដល់រមណីយដ្ឋានភ្នំទឹកក្តៅ Nakabusa Onsen ក្នុង Azumino នោះទេ។
ប៉ូលីស បាននិយាយនៅថ្ងៃទី ៩ ខែសីហាថា តំបន់ភ្នំទឹកក្តៅនេះក៏ជាចំណុចចាប់ផ្តើមផ្លូវដើរដ៏ពេញនិយមមួយផងដែរ ហើយអ្នកដែលជាប់គាំងរួមមានភ្ញៀវសណ្ឋាគារ ក៏ដូចជាអ្នកឡើងភ្នំដែលស្នាក់នៅក្នុងខ្ទមភ្នំ៕
