ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់តំណាងនាំយកម៉ូតូ គ្រឿងបរិភោគ និងសម្ភារមួយចំនួន ឧបត្ថម្ភកងកម្លាំងនគរបាលជួរមុខនៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងម៉ូតូចំនួន៥គ្រឿង ទៅឧបត្ថម្ភជូនកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ)។

ពិធីប្រគល់អំណោយនេះ ត្រូវបានរៀបចំឡើងដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ក្នុងគោលបំណងបន្តយកចិត្តទុកដាក់គាំទ្រដល់កម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

អំណោយដ៏ថ្លៃថ្លានេះ គឺជាការរួមចំណែកដ៏សំខាន់ពីក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ដែលតែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលជាតិ។

ការឧបត្ថម្ភនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលដែលបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជនចំពោះសុខុមាលភាព និងលទ្ធភាពបំពេញការងាររបស់កងកម្លាំងប្រដាប់អាវុធផងដែរ។

តាមរយៈសកម្មភាពមនុស្សធម៌បែបនេះ នឹងជួយពង្រឹងស្មារតី និងសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបន្តបម្រើជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង