នៅប្រទេសថៃ កើតមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សទៀតហើយ ដោយលើកនេះ គឺជាអតីតសមាជិកសភា ដែលបានបាញ់សម្លាប់ប្រធានអង្គការមួយ ដល់ក្នុងការិយាល័យធ្វើការ តែម្តង
នៅប្រទេសថៃ កើតមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សទៀតហើយ ដោយលើកនេះ គឺជាអតីតសមាជិកសភា ដែលបានបាញ់សម្លាប់ប្រធានអង្គការមួយ ដល់ក្នុងការិយាល័យធ្វើការ តែម្តង។
តាមការផ្សាយរបស់ Bangkok Post, ហេតុការណ៍នេះកើតឡើង នៅម៉ោង ១១ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដោយខ្មាន់កាំភ្លើងមានឈ្មោះ Chalong Riewraeng ជាអតីតសមាជិកសភាប្រចាំខេត្ត Nonthaburi បានបាញ់ច្រើនគ្រាប់ លើប្រធានអង្គការរដ្ឋបាលខេត្ត (PAO) ឈ្មោះ Thongchai Yenprasert ដែលត្រូវបានប្រកាសថាស្លាប់ នៅឯមន្ទីរពេទ្យ ព្រោះរបួសធ្ងន់ពេក។
អ្វីដែលមិននឹកស្មានដល់គឺថា ពេលបាញ់ហើយ ខ្មាន់កាំភ្លើងក៏ទូរស័ព្ទទៅកាន់ពិធីការិនី កម្មវិធីព័ត៌មានមួយ ទាំងដែលកំពុងផ្សាយផ្ទាល់ ដោយប្រាប់ត្រង់ៗថា មូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះ គឺព្រោះតែ លោក Thongchai មិនព្រមសងលុយជំពាក់ ១១លានបាត។
ប៉ូលិសចាប់ខ្លួន Chalong បានហើយ ខណៈពេលនេះ កំពុងបើកការស៊ើបអង្កេតជាបន្តទៀត។
សូមជម្រាបថា ហេតុការណ៍នេះកើតឡើង ត្រឹម៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខេត្ត Nonthaburi ដដែលនេះ មានការបាញ់ប្រហារ សម្លាប់មនុស្ស ៩នាក់នៅវិទ្យាល័យ Debsirin ក្នុងស្រុក Bang Kruai៕
ប្រភព៖ Bangkok Post
