នាវាល្បាត HMS Tamar ចូលចតនៅមូលដ្ឋានរាមជាលើកដំបូង ពង្រឹងទំនាក់ទំនងកងទ័ពជើងទឹកកម្ពុជា-អង់គ្លេស
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស HMS Tamar បានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្រមកកាន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាវាល្បាតHMS Tamar នេះ បង្ហាញពីជំហានថ្មីមួយទៀតនៅក្នុងការរឹតចំណងទំនាក់ទំនងលើវិស័យការពារជាតិកាន់តែរីកចម្រើនរវាងចក្រភពអង់គ្លេស និងកម្ពុជា។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានអះអាងថា ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួចដែលបានមកទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹករាមចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ២០២៥ មក វត្តមានរបស់នាវា HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំង បង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ ស្ថានទូតអង់គ្លេស ក៏គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏ទទួលស្គាល់សិទ្ធិអធិបតេយ្យភាពរបស់កម្ពុជាក្នុងការបន្តទំនាក់ទំនងការពារជាតិចម្រុះ និងមានតុល្យភាពជាមួយដៃគូនៅទូទាំងតំបន់ និងលើសពីនេះ។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា អះអាងថា កងទ័ពជើងទឹកអង់គ្លេសមានប្រវត្តិសាស្ត្រដ៏រុងរឿង ហើយនាវិករបស់ខ្លួនស្ថិតក្នុងចំណោមនាវិកដ៏ល្អបំផុតនៅលើពិភពលោក។ លោក Dominic Williams បានស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយដែលពួកគេបានមកដល់ប្រទេសកម្ពុជា ដើម្បីចែករំលែកជំនាញ និងបដិសណ្ឋារកិច្ចកងទ័ពជើងទឹកដែលជាប្រពៃណីរបស់ពួកគេជាមួយកម្ពុជា។

លោក Dominic Williams បានគូសបញ្ជាក់ថា៖ «ការចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងអង់គ្លេស។ វាបន្តពីដំណើរទស្សនកិច្ចមុនៗរបស់នាវា HMS Spey មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយក៏ស្របពេលជាមួយការបណ្តុះបណ្តាលនិស្សិតកងទ័ពជើងទឹកកម្ពុជាចំនួន២នាក់ ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលកងទ័ពជើងទឹក Britannia Royal Navy College ក្នុងទីក្រុង Dartmouth។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្វាគមន៍នាវា HMS Tamar ហើយទន្ទឹងរង់ចាំទំនាក់ទំនងការពារជាតិកម្ពុជា-អង់គ្លេស ដែលនឹងបន្តរីកចម្រើននៅក្នុងឆ្នាំខាងមុខ»។
គួរជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកអង់គ្លេសមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ មក។ ដំណើរមកដល់នៃនាវាHMS Tamar គឺបន្តពីការមកចតនៅក្រុងព្រះសីហនុរបស់នាវា HMS Spey ក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ ដែលពេលនោះ មានការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈជាមួយកងទ័ពជើងទឹកកម្ពុជា។ ដំណើរទស្សនកិច្ចទាំងនេះ បង្ហាញពីការពង្រីកជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងអង់គ្លេស និងកម្ពុជា ព្រមទាំងការបន្តប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹកអង់គ្លេសក្នុងការចូលរួម និងកសាងទំនាក់ទំនងនៅក្នុងតំបន់។

លោក Tom Lindsey មេបញ្ជាការនាវា HMS Tamar បានចាត់ទុកការមកទស្សនកិច្ចនៅកម្ពុជានេះ គឺជាកិត្តិយសដ៏ធំធេងមួយ។ លោកបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចមកកាន់ប្រទេសដ៏ស្រស់ស្អាតមួយនេះ… គឺជាសញ្ញាដ៏សំខាន់មួយនៃភាពរីកចម្រើននៃភាពជាដៃគូរវាងយើង ខណៈដែលយើងរួមគ្នាកសាងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។ ជាពិសេស យើងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូរបស់យើងនៅកងទ័ពជើងទឹកកម្ពុជា តាមរយៈការហ្វឹកហ្វឺនរួមគ្នាលើជំនាញវេជ្ជសាស្ត្រ និងជំនាញនាវាចរណ៍របស់យើង»។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ នាវាល្បាត HMS Tamar និងក្រុមនាវិក នឹងអនុវត្តសកម្មភាពការទូតផ្នែកការពារជាតិ ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ និងកម្មវិធីផ្សារភ្ជាប់ជាមួយសហគមន៍ជាមួយភាគីកម្ពុជា។ កងទ័ពជើងទឹកអង់គ្លេស និងកងទ័ពជើងទឹកកម្ពុជា នឹងចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញជាក់ស្តែងផ្សេងៗទៀតក្នុងវិស័យនាវាចរណ៍។ សកម្មភាពទាំងនេះ នឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ការអភិវឌ្ឍវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពធ្វើប្រតិបត្តិការរួមគ្នារវាងកងទ័ពទាំងពីរ។

លោក Tom Lindsey មេបញ្ជាការនាវា HMS Tamar រួមជាមួយអនុព័ន្ធយោធាអង់គ្លេសប្រចាំតំបន់ និងក្រុមការងារការពារជាតិប្រចាំតំបន់ នឹងជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាម អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសន្ទនាផ្នែកការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចក្រភពអង់គ្លេស និងកម្ពុជា។ ជំនួបទាំងនេះ នឹងផ្តល់ឱកាស ដើម្បីពិភាក្សាអំពីបញ្ហានាវាចរណ៍ក្នុងតំបន់ ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងស្វែងរកវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា៕