ឆ្មក់បង្ក្រាបទីតាំងកម្ចីអនឡាញខុសច្បាប់ ឃាត់ជនជាតិវៀតណាម ៤ នាក់ នៅខណ្ឌទួលគោក
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បង្រ្កាបបង្ការការពារបទល្មើសបច្ចេកវិទ្យា ក្នុងមូលដ្ឋាន ឃាត់ជនជាតិរៀតណាមចំនួន ៤ នាក់ ពាក់ព័ន្ធបទល្មើសកម្ចីអនឡាញខុសច្បាប់។



ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពីព្រឹកម៉ោង ១១ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនៅចំណុចអគារពាណិជ្ជកម្ម KLK Tower កម្ពស់ ១៣ ជាន់ ដែលសង្ស័យមានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាក់ស្តែង សមត្ថកិច្ច ត្រួតពិនិត្យនៅបន្ទប់លេខ R02 ជាន់ទី ៧ បានរកឃើញមានវត្ថុតាង កុំព្យូទ័រប្រភេទ All-in-One ចំនួន ១០ គ្រឿង និង ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៤ នាក់ កំពុងធ្វើសកម្មភាពបំពេញការងារ (កម្ចីអនឡាញ)។

បើតាមការពិនិត្យ និង ស្រាវជ្រាវពីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមជនជាតិវៀតណាមទាំងនេះ មានការសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស កម្ចីអនឡាញខុសច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ រួមជាមួយសម្ភារៈដកហូត ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕