តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ ២នាក់ករណីហិង្សានៅហាង «Savage»
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥សីហា បានសម្រេចចោទប្រកាន់ជនជាប់ចោទ ០២នាក់ ដែលបង្កហិង្សានៅហាង «Savage» ជាផ្លូវការ ក្រោមបទចោទ ហិង្សាដោយចេតនា និងបទផ្តើមគំនិតក្នុងអំពើហិង្សា។

តាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ថា ករណីជនសង្ស័យ ០២នាក់ ប្រើអំពើហិង្សា នៅហាង «Savage» បង្កអោយជនរងគ្រោះរងរបួស ប្រេះលលាដ៍ក្បាល ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ ០២នាក់ រួមមាន ១. ឈ្មោះ ឆេង ភារុណ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ។ ២. ឈ្មោះ ជា សានជាំង ពីបទ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២៨ និងមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕


