ហ្វីលីពីន នឹងពង្រីកសមត្ថភាពដ្រូន និងគ្រោងទិញនាវាចម្បាំងបន្ថែម
ហ្វីលីពីន គ្រោងនឹងបង្កើនសមត្ថភាពប្រើប្រាស់ដ្រូនក្នុងវិស័យយោធារបស់ខ្លួន និងចង់ទិញនាវាចម្បាំងបំពាក់មីស៊ីលប្រដេញថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តចាស់វស្សារបស់អាម៉េរិក មានជម្លោះរ៉ាំរ៉ៃជាមួយចិននៅសមុទ្រចិនខាងត្បូង ទីដែលការប្រឈមមុខដាក់គ្នាតែងកើតមានជារឿយៗ។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន Gilberto Teodoro នៅថ្ងៃទី២៥ ខែសីហា ឡើងទៅការពារគម្រោងចំណាយក្រសួងការពារជាតិឆ្នាំ២០២៧ ដែលកើនឡើង៦.៣ភាគរយធៀបនឹងឆ្នាំ២០២៦ ដែលមានទំហំជិត៥ពាន់លានដុល្លារទៅហើយ។
ចំពោះសមាជិកសភា លោក Teodoro បញ្ជាក់ថា ក្រោមកញ្ចប់ចំណាយឆ្នាំក្រោយ ប្រទេសហ្វីលីពីនមានគម្រោងពង្រីកសមត្ថភាពដ្រូនគ្មានតាមរយៈការអភិវឌ្ឍ និងការទិញពីបរទេស ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធា។ លើសពីនេះ ហ្វីលីពីន នឹងទិញយកនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ និងយុទ្ធោបករណ៍ការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពការពារជាតិប្រឆាំងការគំរាមខាងក្រៅផងដែរ។
ទីក្រុងម៉ានីល បានផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់ផ្នែកសន្តិសុខរបស់ខ្លួនពីការគំរាមកំហែងផ្ទៃក្នុងទៅជាការគំរាមខាងក្រៅ ខណៈដែលភាពតានតឹងនៅតែកើនឡើងជាមួយទីក្រុងប៉េកាំងពាក់ព័ន្ធសមុទ្រចិនខាងត្បូង។ កម្លាំងសន្តិសុខប្រទេសទាំងពីរ តែងប្រឈមមុខដាក់គ្នាជារឿយៗមក។
ក្នុងសវនាការនៅសភា លោក Teodoro និយាយថា បច្ចុប្បន្ន យោធាហ្វីលីពីន កំពុងដំណើរការដ្រូនដែល ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍។ ជាមួយសមត្ថភាពលើគ្រឿងបរិក្ខារដែលមានពេលនេះ ប្រមុខការពារជាតិហ្វីលីពីនអះអាងថា ទីក្រុងម៉ានីលអាចទិញបន្ថែមទៀតបាន។ គម្រោងទិញដ្រូននេះ ជាផ្នែកមួយនៃកញ្ចប់ចំណាយជាង៨០០លានដុល្លារ ដែលត្រូវបានស្នើឡើងសម្រាប់កម្មវិធីទំនើបកម្មយោធានៅឆ្នាំក្រោយ ដែលខ្ពស់ជាងថវិកាបច្ចុប្បន្ន២៥ភាគរយ។
បើតាមលោក Teodoro អាទិភាពសំខាន់ក៏ត្រូវបានផ្ដោតលើការអភិវឌ្ឍប្រព័ន្ធ ការតភ្ជាប់ និងចំណេះដឹងប្រតិបត្តិការដែលត្រូវការដើម្បីប្រើប្រាស់យន្តហោះគ្មានមនុស្សបញ្ជាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន មិនបញ្ជាក់ពីប្រព័ន្ធដ្រូនឡើយ ដោយចាត់ទុកជាព័ត៌មានសម្ងាត់ និងរសើបបំផុត។
លោក Teodoro បានត្រឹមលើកឡើងថា ហ្វីលីពីនមានទំនាក់ទំនងជាមួយប្រទេសជាច្រើនដែលមានជំនាញដ្រូននេះ។ កាលពីខែមិថុនា អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំម៉ានីល Yuliia Fediv ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសទាំងពីរកំពុងជជែកគ្នាលើបច្ចេកវិទ្យាដ្រូន។
ក្នុងខែមិថុនាដដែល អាម៉េរិកក៏ផ្ដល់ដ្រូនសមុទ្របំពាក់ដោយថាមពលព្រះអាទិត្យ៤គ្រឿងឲ្យហ្វីលីពីនសម្រាប់ការឈ្លបការណ៍លើផ្ទៃសមុទ្រដែរ៕
