ឥទ្ធិពលស្រារុញច្រានអោយប្អូនបង្កេីតក្លាយជាឃាតករ មានគំនុំគុំគួនខឹងបងប្រុសឈានទៅសម្លាប់តែម្ដង
កំពង់ស្ពឺ៖ នាថៃ្ងអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩:៣០នាទី ដោយទទួលបានព័ត៌មានករណីឃាតកម្ម លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកបានបញ្ជាអោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ត៍នគរបាលរដ្ឋបាលស្គុះ ប្រតិបត្ដិការស្រាវជ្រាវបន្ទាន់និងឈានទៅឃាត់ខ្លួនឈ្មោះ សុខ ប៊ុននាថ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយដង្គុំឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
តាមការបញ្ជាក់មូលហេតុដែលឈានដល់ការប្រេីកាំបិតផ្គាក់កាប់សម្លាប់បងប្រុស (សុខ ប៊ុននាថ)បានផឹកស្រាហេីយស្រវឹងខ្លាំងនិងបានទាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ សុខ បូណា ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាបងបង្កើតនៅផ្ទះជាមួយគ្នា ដោយសារតែបងបានយកដំបងឬស្សីវាយមកលេីខ្លួនពីដំបង រួចបានស្ទុះទៅយកកាំបិតផ្គាក់កាប់មកលើបងតែម្ដងត្រូវចំក្បាលនិងកញ្ចឹងកបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងកាំបិតផ្គាក់ដងឫស្សីចំនួនមួយមានប្រឡាក់ឈាមបោះចោលនៅក្បែរផ្ទះ ករណីខាងលេីបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតាមនីតិវិធី៕

