សមត្ថកិច្ចបង្ក្រាបករណីជួញដូរ នាឡិកាក្លែងក្លាយម៉ាកD1 Milano ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤នាក់ជាបន្តបន្ទាប់
សមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពនាំចូល ស្តុកទុក និង លក់ចែកចាយផលិតផលនាឡិកាក្លែងក្លាយរំលោភលើកម្មសិទ្ធិបញ្ញាម៉ាក D1 Milano កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវឃើញថា ក្រុមជនសង្ស័យបានលួចធ្វើអាជីវកម្ម ដោយចម្លងម៉ាក និងរូបសញ្ញាសម្គាល់ (Logo) របស់ D1 Milano យកទៅប្រើប្រាស់លើផលិតផលនាឡិកាក្លែងក្លាយរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនម្ចាស់សិទ្ធិដើម។
សូមបញ្ជាក់ថា D1 Milano គឺជាម៉ាកពាណិជ្ជកម្មដែលបានចុះបញ្ជីស្របច្បាប់ និងទទួលបានការការពារយ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។ ការយកឈ្មោះ រូបសញ្ញា ឬសញ្ញាសម្គាល់របស់ម៉ាកនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។


បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។
ជាមួយគ្នានេះ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ប្រតិបត្តិការនេះគឺជាសារព្រមានមួយដល់អាជីវករ និងបុគ្គលទាំងឡាយ ឱ្យបញ្ឈប់សកម្មភាពលួចចម្លង ឬជួញដូរទំនិញក្លែងក្លាយដែលរំលោភលើសិទ្ធិអ្នកដទៃជាបន្ទាន់៕


