លោក ហ្សេលេន​ស្គី​ បាន​អះ​អាងថា ​បំណង​ផ្ទាល់ខ្លួន​របស់ លោក ពូទីន​ ​គឺ​ការ​បន្តសង្គ្រាមរវាង​ប្រទេស​ទាំង​ពីរ

ប្រធានា​ធិបតីអ៊ុយក្រែន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេលេន​ស្គី​ បាន​អះ​អាង​​នៅ​ថ្ងៃ​ចន្ទថា ​បំណង​ផ្ទាល់ខ្លួន​របស់​ប្រធានា​ធិបតី​រុស្ស៊ី លោក វ៉្លា​ឌីមៀ​រ​ ពូទីន​ ​គឺ​ការ​បន្តសង្គ្រាមរវាង​ប្រទេស​ទាំង​ពីរ ដែល​​​ជាជម្លោះ​មួយដ៏​វែង​​​​ជិត​ចប់​ឆ្នាំ​ទី​៥ ​ទៅ​​ហើយ។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ ឆ្នាំ ២០២៦ ។

ប្រធានា​ធិបតីអ៊ុយក្រែន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេលេន​ស្គី​

ក្នុងសុន្ទរក​ថា​ពេលល្ងាច​មួយ លោក ហ្សេលេន​ស្គី ​និយាយថា៖ « ភាគ​ច្រើនគឺ​មក​ពី​​បណ្តាញសង្គម​ផ្ទាល់ខ្លួនរបស់​ លោក ពូទីន​ ថា នឹងយល់ព្រម​បញ្ឈប់សង្គ្រាមតាម​បណ្តាញ​ទំនាក់ទំនង​»។

លោក​ ហ្សេលនស្គី​ បន្ថែម​ថា៖ « សម្រាប់ពេល​នេះ ជាអកុសល! ព័ត៌មាន​សម្ងាត់ទាំងអស់ ទាំងរបស់យើង និង​ដៃគូរបស់​យើង និងសញ្ញា​ទាំង​អស់​ពីរុស្ស៊ីបង្ហាញថា មេដឹកនាំរុស្ស៊ីផ្ទាល់​ចង់បានសង្គ្រាម​បន្ថែម​ទៀត»។

លោក ហ្សេលេនស្គី​ បន្ត​ថា ខ្លួន​បាន​​និយាយ​​ទូរស័ព្ទ​ជាមួយ​​ បេសកជន​ពិសេសរបស់​សហរដ្ឋ​អាមេរិក​ លោក Steve Witkoff និង​ លោក Jared Kushner ដែល​ត្រូវ​ជា​កូនប្រសាររបស់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់​ ត្រាំ​ ដើម្បី​ពិភាក្សា​ពីការរៀបចំ​សម្រាប់កិច្ចប្រជុំ និងការ​ទំនាក់ទំនង​បន្ថែម​ជាមួយភាគីរុស្ស៊ី ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​ដែលអាចកើត​មាន​មក​កាន់​​អ៊ុយក្រែន។

លោកមានប្រសាសន៍ថា​​៖ « យើងបានពិភាក្សា​ពីអ្វីដែល​អាចធ្វើបាន ដើម្បីលើកទឹកចិត្ត​រុស្ស៊ី​ឱ្យឈានទៅរកការបញ្ចប់សង្គ្រាម។ អារម្មណ៍​ត្រូវ​តែសមស្របនៅ​ទីក្រុងមូស្គូ ជាមួយ​​ លោក ពូ​ទីន​។ អារម្មណ៍​ដើម្បី​បញ្ចប់សង្គ្រាម មិនមែនដើម្បី​ធ្វើសង្គ្រាមនោះទេ»។

លោក​បន្ថែម​ថា៖ « យើង​នឹង​រង់ចាំ​មើល​​ថា​​ តើ​​តំណាង​​របស់​​ប្រធានាធិបតី​​អាមេរិក​​អាច​​សម្រេច​​បាន​អ្វី​ខ្លះ។ ខែ​កញ្ញា ​អាច​​នឹង​​មាន​​ការ​ប្រែប្រួល​ច្រើន»។

គួរ​បញ្ជាក់​ថា សង្រ្គាមទ្រង់​ទ្រាយ​ធំ​​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២​ រហូត​មក​ដល់​បច្ចុប្បន្ន​ សំឡេង​មីស៊ីល​នៅ​តែ​បន្ត​មាន​ ហើយ​ចំនួនជន​ស៊ី​វិល​ស្លាប់​ក៏​បន្ត​មាន​ដូច​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង