មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
(ហ្សឺណែវ)៖ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។
លោក កែ សុវណ្ណ បានឆ្លេីយតបជាមួយភាគីថៃនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំលើកទី៧៧នៃគណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
លោក កែ សុវណ្ណ បានបញ្ជាក់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ។
លោកអះអាងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ប្រហារលើទីតាំងយោធាកម្ពុជាបណ្ដាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍នោះមកភាពតានតឹងមានការកើនឡើង។
តំណាងកម្ពុជារូបនេះ ក៏បានលេីកឡេីងពីជនភៀសសឹកកម្ពុជាបច្ចុប្បន្នត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជាដោយសារជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេសគឺដោយសារការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។





