ទំនាស់ផ្ទៃក្នុងគ្រួសារ បុរសជាប្ដីបើករថយន្តស្លាកលេខរដ្ឋ ដេញបំបុករថយន្តប្រពន្ធ និងដកកាំភ្លើងបាញ់ចំកូនប្រុស​រងរបួស

ករណីផ្ទុះអាវុធយ៉ាងរន្ធត់មួយដែលបង្កឡើងដោយសារទំនាស់ផ្ទៃក្នុងគ្រួសារ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋលើកឡើងថា មុនកើតហេតុគេគ្រាន់តែឃើញរថយន្ត Ford ពណ៍ស ពាក់ស្លាកលេខ រដ្ឋ១៣ 2-1969 បើកបរដោយបុរសម្នាក់ រួមជាមួយអ្នកដំណើរ ២នាក់ក្នុងរថយន្ត ដោយបើកប្រដេញរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតា ព្រុស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5381 មិនដឹងមកពីណានោះឡើយ។ ខណៈបើកមកដល់ចំណុចវាលស្រែខាងលើ រថយន្តបានបើកទៅបំបុករថយន្ត ព្រុសខាងលើពីក្រោយយ៉ាងពេញទំហឹងបង្កការខូចខាត។ លុះប្រមាណជា ៥-៦នាទីក្រោយ ក៏ឮសំឡេងផ្ទុះអាវុធទើបបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចតែម្តង។ ស្របពេលសមត្ថកិច្ចមកដល់ទើបឃើញបុរសម្នាក់បានរងរបួសត្រូវគ្រាប់កាំភ្លើងត្រង់ពោះ រួចក៏បញ្ជូនទៅមន្ទីរពេទ្យតែម្តង។

ប្រភពបង្ហើបពីបុរសជាអ្នកបើករថយន្ត Ford បានបញ្ជាក់ថា មុនកើតហេតុគាត់បានបើកដេញរថយន្តប្រពន្ធរបស់គាត់ ហើយអោយប្រពន្ធរបស់គាត់ឈប់ដើម្បីនិយាយគ្នា ប៉ុន្តែប្រពន្ធមិនបានឈប់ ទើបបន្តប្រដេញគ្នាមកដល់ចំណុចខាងលើ ហើយបើកបំបុកតែម្តង។ ប្រភពដដែលបន្តថា ជារឿងផ្ទៃក្នុងគ្រួសារ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ខណ្ឌព្រែកព្នៅ ចុះមកដល់រួចឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង