វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអឺរ៉ុបចំនួន ៤ ក្រោយចរចាជាង ១០ ឆ្នាំ
វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនៅអឺរ៉ុបចំនួន ៤ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា នេះ បន្ទាប់ពីចរចាគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ចំពេលដែលសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋាភិបាលក្រុងហាណូយធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ដើម្បីកាត់បន្ថយហានិភ័យនៃការពឹងផ្អែកតែលើទីផ្សារអាមេរិក។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និង AFP កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលិចតិនស្តាញ ជាសមាជិក ក្រោមវត្តមានរបស់លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងប្រធានាធិបតីវៀតណាម ព្រមទាំងតំណាងរដ្ឋាភិបាលប្រទេសសមាជិក EFTA។
កិច្ចព្រមព្រៀងវៀតណាម-EFTA (VEFTA) មានគោលដៅកាត់បន្ថយ ឬលុបចោលពន្ធគយលើទំនិញជាច្រើនប្រភេទ រួមមានផលិតផលឧស្សាហកម្ម កសិផល និងផលិតផលនេសាទ ព្រមទាំងគ្របដណ្ដប់លើសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីនានាក្នុងការ «ពង្រឹងប្រព័ន្ធពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ ចំពេលមានការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចពិភពលោក»។ រដ្ឋាភិបាលដដែលបន្តថា វានឹងជួយវៀតណាម «ធ្វើពិពិធកម្មទីផ្សារនាំចូល និងនាំចេញរបស់ខ្លួន» និង «ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវ៉៉ាក់តម្លៃសកល»។
ចំណែកឯរដ្ឋាភិបាលន័រវែសវិញ បាននិយាយដាច់ដោយឡែកថា ប្រហែលពាក់កណ្ដាលនៃការនាំចេញរបស់ខ្លួនទៅវៀតណាម នឹងទទួលបានការលើកលែងពន្ធ នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន ហើយអត្រានេះនឹងកើនលើស ៩៨% ក្នុងរយៈពេល ៧ ឆ្នាំ។
មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងចូលជាធរមាននៅពេលណានៅឡើយទេ។

គួរកត់សម្គាល់ថា ការចុះហត្ថលេខាធ្វើឡើងបន្ទាប់ពីវៀតណាម និង EFTA បានចាប់ផ្ដើមការចរចាជាផ្លូវការកាលពីឆ្នាំ២០១២ ប៉ុន្តែដំណើរការនេះបានជាប់គាំងចាប់ពីឆ្នាំ២០១៨ មុនពេលចាប់ផ្ដើមឡើងវិញកាលពីខែកញ្ញា ឆ្នាំមុន និងបញ្ចប់ការចរចានៅខែកក្កដាឆ្នាំនេះ។
វាក៏សម្រេចឡើងផងដែរ ស្របពេលដែលគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពមិនប្រាកដប្រជាដល់ពាណិជ្ជកម្មពិភពលោក និងបង្កើនសម្ពាធលើវៀតណាម ដែលជាប្រទេសផលិត និងនាំចេញទំនិញសំខាន់ទៅកាន់ទីផ្សារអាមេរិក។ អ្នកជំនាញលើកឡើងថា កិច្ចព្រមព្រៀងដដែលនឹងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មសម្រាប់ភាគីទាំងសងខាង ជាពិសេសវៀតណាម ដែលមានអតិរេកពាណិជ្ជកម្មលើសពី ១០០ ប៊ីលានដុល្លារ ក្នុងមួយឆ្នាំៗជាមួយអាមេរិក។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសសមាជិក EFTA មានតម្លៃជាមធ្យមប្រហែល ២ ប៊ីលានដុល្លារ/ឆ្នាំ។
វៀតណាមនាំចេញជាចម្បងនូវគ្រឿងអេឡិចត្រូនិក ស្បែកជើង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងផលិតផលនេសាទទៅកាន់ទីផ្សារ EFTA ខណៈប្រទេសទាំង ៤ របស់ប្លុក នាំចេញមកវៀតណាមនូវគ្រឿងម៉ាស៊ីន ឧបករណ៍ឧស្សាហកម្ម សារធាតុគីមី និងឱសថ៕
