ទីបំផុត ចក្រភពអង់គ្លេស សម្រេចបញ្ជូនយន្តហោះចម្បាំង ទៅជួយអារ៉ាប៊ីសាអូឌីត ប្រយុទ្ធទប់ទល់នឹង ក្រុមហ៊ូធី

នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុកក្នុងតំបន់មជ្ឈិមបូព៌ា ទីបំផុតចក្រភពអង់គ្លេស បានសម្រេចបញ្ជូនយន្តហោះចម្បាំងទៅអារ៉ាប៊ីសាអូឌីតហើយ ដើម្បីជួយប្រទេសនេះប្រយុទ្ធទប់ទល់នឹង ក្រុមហ៊ូធី ដែលកំពុងធ្វើសកម្មភាព បើកការវាយប្រហារចាស់ដៃ មិនដកដៃសោះឡើយ។

យន្តហោះចម្បាំង RAF Typhoon 

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិ លោក Wes Streeting និងផ្សាយបន្តដោយទូរទស្សន៍ BBC កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ យន្តហោះទាំងនោះ ជាប្រភេទ RAF Typhoon ដែលនឹងត្រូវទៅជួយធ្វើជាខែលទីក្រុងនានារបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងការវាយប្រហារអាកាសរបស់ចលនាសកម្មប្រយុទ្ធ ដែលចងសម្ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ ដ្បិតមិនបញ្ជាក់ថាតើយន្តហោះដែលបញ្ជូនទៅនោះ មានប៉ុន្មានគ្រឿង។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Streeting បញ្ជាក់ថា ចំណាត់ការនេះ គឺត្រូវបានបើកភ្លើងបៃតងដោយ នាយករដ្ឋមន្ត្រី Andy Burnham ហើយយន្តហោះចម្បាំងទាំងនេះ មិនត្រឹមតែជួយអារ៉ាប៊ីសាអូឌីត ការពារដែនអាកាសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួល ដល់យន្តហោះចម្បាំ​ងផ្ទាល់ខ្លួនរបស់ប្រទេសនេះ ឱ្យមានលទ្ធភាព បើកការវាយប្រហារតាមអាកាស ទៅលើក្រុមហ៊ូធី ផងដែរ។

រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស Wes Streeting 

មិនត្រឹមប៉ុណ្ណឹង អង់គ្លេសក៏នឹងដាក់ទីប្រឹក្សាយោធា និងយន្តហោះដឹកជញ្ជូនធុន RAF A400M ដើម្បីទៅគាំទ្រដល់ការដឹកជញ្ជូន និងចល័តទីតាំងឧបករណ៍ការពារជាតិ នៅអារ៉ាប៊ីសាអូឌីត ទៀតផង។

សេចក្តីប្រកាសនេះកើតឡើង ក្រោយពេលក្រុមហ៊ូធី បើកការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរាជធានីរីយ៉ាដ មិនដកដៃ សម្លាប់មនុស្សសរុប ១៤នាក់ និងជាង ៣០០នាក់ទៀតរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញ ផ្សេងៗ។

ការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរាជធានីរីយ៉ាដ 

ក្រោយមកទៀត ហ៊ូធី ក៏បន្តវាយប្រហារទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនប្រេងយក្ស Aramco រួចក៏គំរាមថា នឹងកំណត់គោលដៅលើព្រលានយន្តហោះ និងទីតាំងប្រេងនានាក្នុងប្រទេសនេះ ថែមទៀត។

ជុំវិញរឿងនេះ ក្រុមហ៊ូធី អះអាងថា ខ្លួនវាយប្រហារអារ៉ាប៊ីសាអូឌីត ដោយសារតែប្រទេសនេះ បានដឹកនាំសម្ព័ន្ធមិត្តយោធា ចូលជ្រៀតជ្រែកក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥មក ក្នុងគោលបំណងកម្ចាត់ក្រុមនេះ និងគាំទ្ររដ្ឋាភិបាលយេម៉ែនស្របច្បាប់ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង