អាមេរិក ព្រមាន កាណាដា កុំឱ្យលូកដៃក្នុងនយោបាយខ្លួន ខណៈទីក្រុងអូតាវ៉ា ទាត់ចោលការចោទប្រកាន់

សហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីកាណាដា ថា ព្យាយាមលូកដៃ និងជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Newsweek។

នៅក្នុងនោះផងដែរ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញភស្តុតាងសំខាន់ៗ រួមមានវិធានការពាណិជ្ជកម្មដែលកំណត់គោលដៅនយោបាយ យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មប្រឆាំងនឹងលោក ​ដូណាល់ ត្រាំ និងការជួបប្រជុំគ្នារវាងមន្ត្រីកាណាដា ជាមួយអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យអាមេរិក។

នៅក្នុងឯកសារអង្គហេតុមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទីទី២១ ខែតុលា ស្ថានទូតអាមេរិកប្រចាំទីក្រុងអូតាវ៉ា បានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថា បាននិងកំពុងស្វែងរកឥទ្ធិពលលើនយោបាយអាមេរិកដោយចំហ។

ស្ថានទូតបានគូសបញ្ជាក់ចំៗលើរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា លោកស្រី Melanie Joly ចំពោះការលើកឡើងរបស់លោកស្រី អំពីការកំណត់ពន្ធសងសឹកដោយចេតនាលើបណ្តារដ្ឋដែលលំអៀងទៅរកគាំទ្រគណបក្សសាធារណរដ្ឋ ដើម្បីដាក់សម្ពាធលើរដ្ឋបាលលោក ត្រាំ ជុំវិញគោលនយោបាយពាណិជ្ជកម្មភាពគាំពារនិយម។

ក្រៅពីនេះ ភាគីអាមេរិកក៏បានលើកឡើងពីសកម្មភាពគួរឱ្យសង្ស័យផ្សេងទៀត រួមមានការជួបប្រជុំរបស់លោកស្រី Joly ជាមួយមន្ត្រីគណបក្សប្រជាធិបតេយ្យនៅបូស្តុន និងឈីកាហ្គោ កាលពីខែកញ្ញា និងយុទ្ធនាការផ្ទាំងប៉ាណូប្រឆាំងពន្ធគយរបស់អភិបាលខេត្ត Ontario លោក Doug Ford ដែលបានប្រើប្រាស់រូបភាពអតីតប្រធានាធិបតី Ronald Reagan ដើម្បីរិះគន់គោលនយោបាយពាណិជ្ជកម្មអាមេរិក។

មិនតែប៉ុណ្ណោះ ឯកសារនេះក៏បានកត់សម្គាល់ពីការលេចមុខរបស់អគ្គកុងស៊ុលកាណាដា លោកស្រី Bernadette Jordan ក្នុងកិច្ចពិភាក្សាតុមូលស្តីពីពាណិជ្ជកម្មនៅរដ្ឋ Vermont ជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ ត្រឹមតែ៣សប្តាហ៍មុនការបោះឆ្នោត និងករណីពលរដ្ឋកាណាដាចំនួន ១១ នាក់ ដែលត្រូវបានចោទប្រកាន់ឬផ្តន្ទាទោសក្នុងឆ្នាំ២០២៦ ពីបទបោះឆ្នោតដោយខុសច្បាប់នៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។

លោក Pete Hoekstra ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានយ៉ាងដិតដល់ ហើយបើសកម្មភាពទាំងនោះក្លាយជាការជ្រៀតជ្រែកការបោះឆ្នោត អាមេរិកនឹងឆ្លើយតបវិញជាមិនខាន។

ទោះជាយ៉ាងណា ភាគីទីក្រុងអូតាវ៉ា (Ottawa) បានទាត់ចោលការចោទប្រកាន់ទាំងនេះ។ នាយករដ្ឋមន្ត្រី លោក Carney បានពន្យល់ថា វិធានការរបស់កាណាដា គឺធ្វើឡើងដើម្បីការពារកម្មករ និងអាជីវកម្មរបស់ខ្លួនពីពន្ធគយរបស់អាមេរិកតែប៉ុណ្ណោះ ខណៈលោកស្រី Joly បានការពារការជួបប្រជុំរបស់លោកស្រីថាជាកិច្ចការការទូតធម្មតា ដែលត្រូវធ្វើឡើងជាមួយទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។

យ៉ាណាមិញ ជម្លោះនេះបានកើតឡើង ចំពេលដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កំពុងធ្លាក់ចុះដុនដាប ដោយសារតែការដំឡើងពន្ធគយយ៉ាងខ្លាំងក្លារបស់លោក ត្រាំ និងការលើកឡើងដដែលៗថា កាណាដាគួរតែដកខ្លួនមកធ្វើជារដ្ឋទី៥១ របស់អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង