កម្ពុជា-ម៉ារ៉ុក ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ កម្ពុជា និងម៉ារ៉ុក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌រួមគ្នា ព្រមទាំងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Abderrahim Rahhaly ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញការចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌រួមគ្នា។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក។
ជំនួបនេះត្រូវបានចាត់ទុកថាជាជំហានថ្មីមួយក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការតភ្ជាប់ប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។
សូមជម្រាបថា កម្ពុជា និងម៉ារ៉ុក បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៦។ នៅឆ្នាំ២០២៦នេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕








