ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បង្ហាញការសាទរចំពោះ វណ្ណដា ជួយលើកស្ទួយមុខមាត់ប្រទេសលើឆាកអូឡាំពិក ២០២៤
ជាការពិតណាស់ ព្រឹត្តិការណ៍បិទកីឡាអូឡាំពិករដូវក្តៅលើកទៅ ៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរាត្រីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជានៅឡើយ ដោយកំពូលតារាចម្រៀងរ៉េប វណ្ណដា បានបង្កើតមោទកភាពជាថ្មីសម្រាប់កម្ពុជា ដែលបានពាំនាំមុខមាត់ប្រទេសជាតិ ក្នុងនាមជាសិល្បករខ្មែរបង្ហាញលើឆាកអន្តរជាតិ។
ការចូលរួមសម្តែង របស់តារាចម្រៀងរ៉េប វណ្ណដា នឹងត្រូវបានចារលើក្រាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី ៣៣ នេះ ក្នុងនាមជាសិល្បករខ្មែរ ដែលបានសម្តែងបិទបញ្ចប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ជាការពិត ការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានកក្រើកដល់អ្នកគាំទ្រជាតិ និង អន្តរជាតិរហូតមានសារព័ត៌មានបរទេសចុះផ្សាយពីលោកជាបន្តបន្ទាប់។ លើសពីនោះ ប្រជាជន និង សិល្បករ សិល្បការិនី ក៏ដូចជាបណ្តាក្រសួង ស្ថាប័នកម្ពុជាជាច្រើន បានបង្ហោះសារ និង រូបភាពអបអរសាទយ៉ាងមោទកភាពដល់ វណ្ណដា ជាច្រើន។
អ្វីដែលកាន់តែអស្ចារ្យ ភាពល្បីរន្ទឺ ក្នុងនាមជាប្រជាជនកម្ពុជានៃការសម្តែងលើឆាកបិទព្រឹត្តិការណ៍អូឡាំពិក ២០២៤ នេះ វណ្ណដា ត្រូវបានថ្នាក់ដឹកនាំកំពូលធំៗរួមមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរ និង ស្ងើចសរសើរដល់កំពូលតារាចម្រៀងរ៉េបវ័យ ២៧ ឆ្នាំ រូបនេះជាខ្លាំង។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមអបអរសាទរ និង អរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ ពុកពិតជាមានការភ្ញាក់ផ្អើល ដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារថា៖ «សូមអបអរសាទរ និង អរគុណដល់សិល្បករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»៕