ខ្លោចចិត្ត! កុមារាអាយុ ១៤ ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះកង់ដើររើសអេតចាយតាមផ្លូវ

ដំណឹងដ៏សោកសៅមួយ កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាចែករំលែកដោយក្ដីខ្លោចចិត្ត អាណិតអាសូរជាពន់ពេក ដែលកុមារាអាយុ ១៤ ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះកង់ដើររើសអេតចាយតាមផ្លូវ។

តាមការបង្ហោះពីប្រជាពលរដ្ឋរស់នៅស្រុកជាមួយកុមារារងគ្រោះឈ្មោះ Bormey ʚĭɞ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ដោយកុមារាឈ្មោះ គន លីហ័រ អាយុ ១៤ ឆ្នាំ រស់នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងជិះកង់តាមផ្លូវដឹកប្អូនប្រុសម្នាក់អាយុ ៥ ឆ្នាំឈ្មោះ គន លីហូវ ដើររើសអេតចាយដើម្បីយកលុយទៅរៀន ស្រាប់តែមានម៉ូតូមួយគ្រឿង អ្នកបើកបរស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី មកបុកពីក្រោយមួយទំហឹង បណ្ដាលឱ្យកុមារារងគ្រោះ គន លីហ័រ ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត។

ដោយឡែកសម្រាប់ប្អូនប្រុសអាយុ ៥ ឆ្នាំរបស់កុមារារងគ្រោះ ត្រូវបានរងរបួសធ្ងន់ ត្រូវបញ្ជូននៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅស្រុកភូមិជាមួយកុមារារងគ្រោះទាំងពីរបានឱ្យដឹងថា កុមារា គន លីហ័រ ជាសិស្សពូកែម្នាក់ រៀននៅអនុវិទ្យាល័យអង្គរនៀប ថ្នាក់ទី ៨A ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយដោយសារតែជីវភាពក្នុងគ្រួសារមានភាពខ្វះខាត ទើបនៅថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យ កុមារារូបនេះ ជិះកង់ដើររើសអេតចាយ ដើម្បីលក់យកលុយទៅរៀន តែមិននឹកស្មានថា ជួបនឹងហេតុការណ៍ដ៏អាក្រក់នេះទាល់តែសោះ៕

អត្ថបទដែលជាប់ទាក់ទង