ទោះបីលុបគម្រោង CLV តែ«ការអភិវឌ្ឍព្រំដែន»នៅបន្ត ខណៈមូលនិធិព្រំដែនទទួលថវិកាបាន២១លានដុល្លារ

ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរប្រមាណ ៧០ម៉ឺននាក់ ចូលរួម “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”ដោយបានថវិកា ២១ លានដុល្លារ។នេះបើយោងតាមប្រសាសន៍ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងសារពិសេសនៅព្រឹកថ្ងៃទី ២៣ កញ្ញានេះ។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បើទោះបីរាជរដ្ឋាភិបាលបញ្ចប់«កិច្ចសហប្រតិបត្តិការCLV-DTA» ជាមួយឡាវ និង វៀតណាម ចាប់ពីថ្ងៃ ២០ កញ្ញា ឆ្នាំ២០២៤ ក្តី ការអភិវឌ្ឍនៅខេត្តតាមព្រំដែន និង ការបោះបង្គោលជាមួយប្រទេសជិតខាង នៅតែបន្តគ្មានឈប់នោះទេ។

វិភាគទានរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់នេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា នឹងប្រើប្រាស់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន ខណៈបច្ចុប្បន្នផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ នឹងទទួលបានប្រវែងជាង ១៣០០គីឡូម៉ែត្រ នៅសល់ប្រមាណ១៣០០គីឡូម៉ែត្របន្ថែមទៀតដែលត្រូវការថវិកាធ្វើបន្ត។

ទាក់ទងនឹង”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ការបើកនេះ ដោយសម្តេច មើលឃើញថា ប្រជាពលរដ្ឋនៅតែចូលរួមបន្ត ហើយនៅពេលបិទបញ្ចប់រាជរដ្ឋាភិបាលនឹងរាយការណ៍ជូនពីថវិកា និងអ្នកចូលរួម ក៏ដូចជាផែនការអភិវឌ្ឍលម្អិតពាក់ព័ន្ធអភិវឌ្ឍតាមព្រំដែននៃប្រទេសទាំង៣ គឺ វៀតណាម ឡាវ និង ថៃ។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ កញ្ញា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។

កម្ពុជាបន្តអភិវឌ្ឍលើទឹកដីកម្ពុជា ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រុមជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និង ចេះដកអាវុធចេញពីដៃសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង