ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការប្រកួតប្រជែងជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិន​ត្រឹម​តែចង់​បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះ​ដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និង​សង្គម​របស់យើងផងដែរ ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និង​មូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើង​កាល​ពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់​មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។

ឯកឧត្តម ហេង សួរ បានផ្តល់ការលើកទឹកចិត្តទៅដល់ជ័យលាភីមេដាយមាសទាំង ៧គ្រឿង ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួន​ជា​បេក្ខជនតំណាងប្រទេសជាតិចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខាងមុខដើម្បីនាំកិត្តិយសជូនប្រទេសជាតិឱ្យល្បី​ល្បាញ​លើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា តាមរយៈការបូកសរុបពិន្ទុរបស់គណៈកម្មការ មានបេក្ខជនជ័យលាភី​ទទួលបានមេដាយមាស ចំនួន ៧គ្រឿង (នារី ១រូប) ក្នុងនោះចំនួន៥គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយប្រាក់ ចំនួន ១៣គ្រឿង (នារី ១រូប) ក្នុងនោះ​ចំនួន ១១គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយសំរឹទ្ធិចំនួន ៥គ្រឿង និងទទួលបានវិញ្ញាបនបត្រល្អប្រសើរចំនួន ៤៧រូប (នារី ៥រូប)។

ជ័យលាភីដែលទទួលចំណាត់ថ្នាក់ទទួលបានមេដាយបានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖
· មេដាយមាស ទទួលបានប្រាក់រង្វាន់ ចំនួន ៣លានរៀល
· មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ចំនួន ២លានរៀល
· មេដាយសំរឹទ្ធិ ទទួលបានប្រាក់រង្វាន់ ចំនួន ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង