ជប៉ុនចង់ដំឡើងពន្ធលើទេសចរបរទេស ដើម្បីកាត់បន្ថយភ្ញៀវច្រើនលើសលប់
ជប៉ុនគ្រោងនឹងដំឡើងពន្ធសម្រាប់ភ្ញៀវអន្តរជាតិ ដោយសារតំបន់ជាច្រើននៃប្រទេសនេះកំពុងមានផ្ទុកចំនួនភ្ញៀវទេសចរណ៍លើសលប់ ហើយអាកាសយានដ្ឋាន និងកន្លែងទេសចរណ៍មួយចំនួនមិនអាចបំពេញតម្រូវការចំនួនភ្ញៀវអន្តរជាតិ ដែលកើនឡើងយ៉ាងឆាប់រហ័ស។
ជប៉ុនបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសបន្ទាប់ពីបានបើកដំណើរការឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ បើតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន នៅឆ្នាំ២០២៤ ប្រទេសនេះទទួលភ្ញៀវអន្តរជាតិចំនួន ៣៦,៨៧លាននាក់ ខណៈចំនួនប្រជាជនជប៉ុនដែលទៅក្រៅប្រទេសមានតែ ១៣,០១លាននាក់។
ជាមួយនឹងការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ រដ្ឋាភិបាលជប៉ុនរំពឹងថា នឹងក្លាយជាគោលដៅទេសចរណ៍ទទួលភ្ញៀវ ៦០លាននាក់នៅឆ្នាំ ២០៣០។
ទោះជាយ៉ាងណា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើអាកាសយានដ្ឋាន ប្រព័ន្ធដឹកជញ្ជូន និងកន្លែងទេសចរណ៍ល្បីៗជាច្រើន។
ទីតាំងខ្លះមិនអាចបំពេញទាន់តម្រូវការនៃកំណើនចំនួនភ្ញៀវទេសចរ ដែលនាំឱ្យមានភាពចង្អៀតណែន ប៉ះពាល់តំបន់ទេសចរណ៍ និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។
ដើម្បីដោះស្រាយស្ថានភាពនេះ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដំឡើងពន្ធដល់ភ្ញៀវអន្តរជាតិដល់ ៣០០០ – ៥០០០ យ៉េន (ប្រហែល ២០ – ៣៣ដុល្លារ) ពីកម្រិតបច្ចុប្បន្ន ១០០០យ៉េនសម្រាប់ភ្ញៀវម្នាក់។ នេះតាមកាសែត The Straits Times នៅថ្ងៃទី២៧ ខែកុម្ភៈ។
ពន្ធទេសចរណ៍ត្រូវបានអនុវត្តនៅជប៉ុន ក្នុងខែមករា ឆ្នាំ២០១៩ ហើយត្រូវបានបន្ថែមដោយផ្ទាល់ទៅនឹងតម្លៃសំបុត្រយន្តហោះ ឬសំបុត្រកប៉ាល់ទេសចរណ៍ដែលចាកចេញពីប្រទេស។ នេះជាថ្លៃកាតព្វកិច្ចមិនត្រឹមតែសម្រាប់ភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពលរដ្ឋជប៉ុនពេលចេញពីប្រទេសដែរ។
ដំឡើងពន្ធដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលជប៉ុនបានលើកឡើងថា ការដំឡើងពន្ធចំពោះភ្ញៀវអន្តរជាតិនឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយនិរន្តរភាព ព្រមទាំងបន្ធូរបន្ថយសម្ពាធលើគោលដៅទេសចរណ៍តាមតំបន់នានា។
ក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីពន្ធសម្រាប់ភ្ញៀវអន្តរជាតិបានឈានដល់ ៣៩,៩ពាន់លានយ៉េន កើនឡើង៣ដងធៀបនឹងឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៩ពាន់លានយ៉េននៅឆ្នាំ ២០២៥។ ការដំឡើងពន្ធនេះ ត្រូវបានគេរំពឹងថានឹងជួយរដ្ឋាភិបាលជប៉ុនប្រមូលបានរាប់សិបពាន់លានយ៉េនបន្ថែមទៀត។
ទោះជាយ៉ាងណា ការដំឡើងពន្ធអាចបណ្តាលឱ្យអ្នកដំណើរមួយចំនួនពិចារណាឡើងវិញនូវផែនការធ្វើដំណើររបស់ពួកគេ ជាពិសេសអ្នកដែលមានថវិកាមតិចតួច។ យ៉ាងណាមិញ រដ្ឋាភិបាលជឿជាក់ថា ការប្រើប្រាស់ចំណូលពន្ធប្រកបដោយភាពឆ្លាតវៃ នឹងជួយកែលម្អគុណភាពនៃពិសោធន៍ទេសចរណ៍ ស្របពេលជួយតំបន់ទេសចរណ៍ពីការកកស្ទះ។
បច្ចុប្បន្ន ចំណូលពីពន្ធនេះត្រូវបានប្រើប្រាស់ជាចម្បងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងអភិវឌ្ឍន៍រមណីយដ្ឋាន។
យ៉ាងណាមិញ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវអន្តរជាតិភ្លាមៗ រដ្ឋាភិបាលគ្រោងនឹងពង្រីកការប្រើប្រាស់របស់ខ្លួន ដើម្បីកែលម្អការដឹកជញ្ជូនសាធារណៈ និងអាកាសយានដ្ឋាន ដើម្បីបំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើង និងលើកកម្ពស់គុណភាពទេសចរណ៍សម្រាប់ភ្ញៀវទេសចរ៕