សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ មានសន្តិភាពទើបសិទ្ធិ និងតួនាទីរបស់ស្រ្តី នៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិ និងតួនាទីរបស់ស្រ្តី ។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់ និងការពារ ។ នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទី និងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ ។ ដូច្នេះការថែរក្សាសុខសន្តិភាព ជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប » ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
ក្រៅពីនេះ កម្ពុជាក៏មានពាក្យស្លោកជាច្រើនដែលលើកកម្ពស់ដល់ស្រ្តីផងដែរ ដូចជា “ជួយស្រ្តីគឺជួយខ្លួនឯង” “សមភាពថ្ងៃនេះដើម្បីអនាគតយូរអង្វែង” “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” និង “ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ជាដើម។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងពិធីនេះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះសុខទុក្ខ ជីវភាពការងារ និងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូបដែលជាទូទៅជួបបញ្ហាប្រឈម និងឧបសគ្គនានាច្រើនជាងបុរស ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូប ដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតា និងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់ សន្តោសប្រណីដល់កូនគ្រប់ប្រាណស្មើៗគ្នាហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល ៕