ផ្ទុះករណីចោរកម្មក្នុងក្រុងកំពង់ចាម កើតមានជាបន្តបន្ទាប់ ជនរងគ្រោះស្នើឲ្យសមត្ថកិច្ចអន្តរាគមន៍
នៅចុងខែមេសា ឆ្នាំ២០២៥នេះ ផ្ទុះករណីចោរកម្មលួចម៉ូតូជាបន្តបន្ទាប់នៅចំណុចភូមិទី៣ សង្កាត់វាលវង់ និងសួនផ្កាស្បៃរឿង ក្បែរគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ករណីនេះ ជនរងគ្រោះជាម្ចាស់ម៉ូតូទាំងនោះ បានសំណូមពរដល់សមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួន និងចាប់ជនល្មើសមកផ្តន្ទារទោសតាមច្បាប់ផង បន្ថែមលើនេះ ម្ចាស់ម៉ូតូក៏បានអំពាវនាវដល់សាធារណជនណាបានឃើញម៉ូតូដូចបានផ្សាយលើបណ្តាញសង្គមជួយប្រាប់ពួកគាត់ផង។
ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានលើកឡើងចំៗថា នៅពេលថ្មីៗនេះ ពិតជាមានករណីចោរកម្មលួចម៉ូតូក្នុងក្រុងជាច្រើនករណីមែន ហើយសមត្ថកិច្ចក៏មិនទាន់ស្រាវជ្រាវរកឃើញមុខសញ្ញាដែរ ប្រជាពលរដ្ឋត្រូវបង្កើតការប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានច្រើនទើបគង់វង្ស។
យោងតាមម្ចាស់ហ្វេសបុកឈ្មោះ លី និត បានបញ្ជាក់ថា ខ្លួនបានបាត់ម៉ូតូម៉ាក Honda scoopey prestige2024 នៅភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម វេលាម៉ោង៣ទាបភ្លឺនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ប្រសិនជាបងប្អូនណា ប្រទះឃើញសូមមេត្តាទំនាក់ទំនងមកកាន់នាងខ្ញុំផង នាងខ្ញុំ នឹងជូនសុគុណ។
ចំណែកម្ចាស់ហ្វេសបុកឈ្មោះ ហ្សា រ៉ាត់ ក៏បានលើកឡើងដែរថា ខ្លួនក៏បានបាត់ម៉ូតូម៉ាក C100 ពាក់ស្លាកលេខ 1M.9328 នៅវេលាទាបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិទី៣ សង្កាត់វាល់វង់ ក្រុង/ខេត្តកំពង់ចាម ដែរ ។ ម្ចាស់ហ្វេសប៊ុកក៨ស្នើឲ្យពលរដ្ឋប្រសិនបើបានជួបប្រទះ ឬបានឃើញម៉ូតូដែលខ្លួនបានបង្ហោះលើហ្វេសប៊ុកនេះ សូមជួយទាក់ទងទៅខ្លួនផង ខ្លួននឹងជូនសុគុណ លេខទូរស័ព្ទ 0973384314។
រីឯម្ចាស់ហ្វេសបុកឈ្មោះ សា វាត សរសេរថា «បងប្អូន ប្អូនប្រុសខ្ញុំវាបាត់ម៉ូតូអាសង់ ពាក់ស្លាកលេខ 1J.4611 បានឃើញឆាតប្រាប់ខ្ញុំផងបងប្អូន បាត់នៅកន្លែងសួនច្បារស្បៃរឿងខេត្តកំពង់ចាម យើងលូវសំបូរចោរណាស់»។
ទាក់ទងបញ្ហាចោរកម្មនេះ លោកវរសេនីយ៍ឯក អ៊ុន ប៊ុន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ មិនបានពំភ្លឺអ្វីទាំងអស់ ដោយសារទូរស័ព្ទចូលច្រើនដង តែមិនមានអ្នកទទួល៕